• Cambodia Peace Channel

គួរភ្ញាក់ផ្អើល ! ស្ងាត់ៗ Mesut Ozil ដឹកដៃអតីតបវរកញ្ញាទួរគីចូលរោងការ

អាល្លឺម៉ង់៖ស្ងាត់ៗអតីតខ្សែបម្រើប្រយុទ្ធរបស់ជម្រើសជាតិអាល្លឺម៉ង់ ដែលមានដើមកំណើតទួរគីកីឡាករ Mesut Ozil បានស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍ជាមួយអតីតបវរកញ្ញាទួរគី កញ្ញា Amine Gulse ក្រោមវត្តមានរបស់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ។

ខ្សែបម្រើប្រយុទ្ធរបស់កាំភ្លើង Arsenal រូបនេះបានដឹកដៃកូនក្រមុំ ដែលជាអតីតបវរកញ្ញាទួរគីចូលរោងការស្ងាត់ៗ នឹងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ខណៈដែលគេសង្កេតឃើញថា ពុំឃើញមានវត្តមានកំពូលកីឡាករបាល់ទាត់ចូលរួមឡើយ សូម្បីអតីតមិត្តរួមក្រុមឥន្ទ្រីដែកអាល្លឺម៉ង់។

គេចាំបានថា Ozil ជាសមាជិកយ៉ាងសំខាន់បំផុតនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងការលើកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup កាលពីឆ្នាំ២០១៤ ហើយខ្សែបម្រើរូបនេះត្រូវបានគេបោះឆ្នោតគាំទ្រជាកីឡាករល្អបំផុតសម្រាប់ជម្រើសជាតិតាំងពីឆ្នាំ២០១១។

សូមជម្រាបថា ខ្សែបម្រើប្រយុទ្ធរបស់កាំភ្លើងធំ Arsenal បានប្រកាសចូលនិវត្តន៍ភ្លាមៗក្រោយ កីឡាកររូបនេះរងនូវការរើសអើងជាតិសាសន៍ពីសំណាក់ប្រជាជនអាល្លឺម៉ង់ បន្ទាប់ពីរូបលោកបានបង្ហោះរូបថតមួយសន្លឹកជាមួយប្រធានាធិបតីទួរគីលោក Erdogan។

សម្តីចុងក្រោយរបស់ខ្សែបម្រើ Mesut Ozil ក្រោយការប្រកាសចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់ថា”ខ្ញុំជាជនជាតិអាល្លឺម៉ង់ នៅពេលយើងឈ្នះ ប៉ុន្តែខ្ញុំជាជនអន្តោប្រវេសន៍នៅពេលចាញ់“៕

ដោយ៖ស្រ៊ីប ឡានី