• Cambodia Peace Channel

ក្រសួងការបរទេសកម្ពុជា អះអាងថា ត្រូវតែបង្ខំចិត្តឆ្លើយតបនឹងអាមេរិក ដែលទាមទារអោយដោះលែង លោក កឹម សុខា

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១០ ខែកញ្ញា ដោយអះអាងថា ត្រូវតែបង្ខំចិត្តឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសហរដ្ឋអាមេរិក ដែលបានទាមទារអោយរាជរដ្ឋាភិបាលកម្ពុជា ទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ប្រឆាំង លោក កឹម សុខា ។

លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១០ ខែកញ្ញា និង ត្រូវបានបង្ហោះក្នុងហ្វេសប៊ុកផេករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដោយអះអាងថា ការចាប់ឃុំខ្លួន លោក កឹម សុខា គឺ មិនមានភស្តុតាងច្បាស់លាស់ទេ និង ទាមទារអោយដោះលែង ខណៈលោក កឹម សុខា ត្រូវបានឃុំខ្លួនជាង២ឆ្នាំមកហើយ ។

ជុំវិញបញ្ហានេះ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងថា ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយផ្អែកលើហេតុផលមនុស្សធម៌ លោក កឹម សុខា ត្រូវបានដោះលែងអោយមករស់នៅក្នុងផ្ទះជាមួយគ្រួសារយ៉ាងសុខស្រួល ក្រោមការត្រួតពិនិត្យរបស់តុលាការ ។

ជាមួយគ្នានេះ កម្ពុជាទាមទារអោយអ្នកនយោបាយ និង រដ្ឋការបរទេសទាំងអស់ប្រកាន់អោយបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម និង បទដ្ឋានមូលដ្ឋានទំនាក់ទំនងអន្តរជាតិ ដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាពកម្ពុជា និង ជៀសវាងពីការជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ។

គួរជម្រាបថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការឃុំខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តែក្រោយមកបានដោះលែងអោយនៅក្រៅឃុំ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ គ្រាន់តែជាប់កាតព្វកិច្ចមួយចំនួនរបស់តុលាការ ។

លោក កឹម សុខា ជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌនៃកម្ពុជា ៕

https://www.facebook.com/us.embassy.phnom.penh/videos/573717466756950/?t=57