• Cambodia Peace Channel

ចាញ់បារ៉ែន តែកម្ពុជានៅតែខ្លាំង និងទទួលបានការកោតសរសើរពីអ្នកគាំទ្រខ្លាំង

ភ្នំពេញ៖ការប្រកួតរវាងកម្ពុជា និងបារ៉ែន កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ម្សិលមិញនេះ ពិតជាការប្រកួតដ៏ស្វិតស្វាញបំផុតក្នុងជំនួបវគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក សម្រាប់ឆ្នាំ២០២២ នៅប្រទេសកាតា ដោយក្រុមទាំងពីរចាប់ផ្តើមការប្រកួតវាយបកគ្នាទៅវិញ ដោយបញ្ចប់ក្នុងលទ្ធផល បារ៉ែន ១ កម្ពុជា ០។

ការប្រកួតនេះ ទោះបីកម្ពុជាភ្លាត់ចាញ់ បារ៉ែន ១គ្រាប់ក្តី ប៉ុន្តែវាជាការប្រកួតដ៏ជក់ចិត្ត ពិសេសការបង្ហាញទម្រង់លេងយ៉ាងល្អរបស់កម្ពុជា ដែលអាចទាញយកការចាប់អារម្មណ៍ពីអ្នកទស្សនាផ្ទាល់ប្រមាណជិត ៦ម៊ឺននាក់ សរសើរមិនដាច់ពីមាត់ថា កម្ពុជាមានការរីកចម្រើនខ្លាំង កីឡាករលេងដោយឆន្ទៈពិតប្រាកដ ការតាំងចិត្តខ្ពស់ និងចេះសហការគ្នាបានល្អ។

ងាកមកចាប់អារម្មណ៍សម្តីរបស់លោក HELIO SOUSA គ្រូបង្វឹកជម្រើសជាតិបារ៉ែន ថ្លែង ក្រោយចប់ការប្រកួតវិញថា “កម្ពុជា គឺជាក្រុមល្អមែនទែន ជាក្រុមមួយដែលកំពុងមានការអភិវឌ្ឍខ្លាំង ដោយពួកគេព្យាយាមលេងបាល់ និងរក្សាបាល់បានយ៉ាងល្អ”

ជាមួយគ្នានោះដែរ លោក FELIX G. DALMAS គ្រូបង្វឹកកម្ពុជា ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាដែរថា ជម្រើសជាតិកម្ពុជា មានចំនុចល្អច្រើន គឺយើងលេងស៊ីចង្វាក់គ្នា ចេះជួយគ្នាពេលបាត់បង់បាល់ ទោះបីជាប៉ះជាមួយក្រុមខ្លាំងក៏ដោយ យើងនៅតែលេងដោយភាពក្លាហាន និងមានឆន្ទៈមោះមុត។

ទន្ទឹមនោះដែរ គ្រូបង្វឹកកម្ពុជា បង្ហាញភាពសប្បាយរីករាយ និងពេញចិត្តជាខ្លាំងចំពោះកូនក្រុមរបស់លោក ពោលទោះបីកម្ពុជាទទួលលទ្ធផលមិនបានល្អក្នុងការប្រកួតនេះក្តី លោកពិតជាមានមោទនភាពចំពោះការប្រមូលផ្តុំកីឡាករលើកនេះថា ពិតជាអស្ចារ្យខ្លាំងណាស់ទាំងនៅក្នុងទីលាន និងក្រៅទីលាន ជាមួយគ្នានោះដែរ លោកពិតជាអរគុណចំពោះអ្នកគាំទ្រដែលមកទស្សនាផ្ទាល់ និងតាមគេហដ្ឋានផងដែរ៕