• Cambodia Peace Channel

ប្រមុខរដ្ឋស្តីទី សម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក តាត និមល ពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ

ភ្នំពេញ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ជាប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ បានចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក តាត និមល អត្តលេខ៧១៩១០ ពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយក ។

នេះបើយោងតាមព្រះរាជក្រឹត្យដែល CPC NEWS ទើបទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ ។

ចំពោះមូលហេតុនៃការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក តាត និមល ពុំត្រូវបានបញ្ជាក់នោះទេ ។

ជាការកត់សម្គាល់ លោកឧត្តមសេនីយ៍ឯក តាត និមល ក៏មានតួនាទីជាមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ ផងដែរ ដោយមាន អត្តលេខ៥៩២ ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីណែនាំមួយ ស្តីពី «វិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និង ការប្រកបវិជ្ជាជីវៈមេធាវីរបស់មន្ត្រីរាជការក្រសួងមហផ្ទៃ» ផងដែរ ។

ក្រសួងមហាផ្ទៃ ​បានពិនិត្យឃើញថា​ មន្ត្រីរាជការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ​ ចំណុះក្រសួងមហាផ្ទៃ​ ប្រកបវិជ្ជាជីវៈជាមេធាវី​ ខណៈដែលខ្លួនកំពុងបំពេញមុខងារសាធារណៈ​  ដោយ ស្ថានភាពមន្ត្រីរាជការបែបនេះ​ផ្ទុយនឹងបទប្បញ្ញត្តិ​ និង​ លិខិតបទដ្ឋានគតិយុត្ត​ ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល​ មន្ត្រីនគរបាលជាតិ​ មន្ត្រីពន្ធនាគារ​ និង​ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី​ ៕