• Cambodia Peace Channel

ជនរងគ្រោះក្លាយជាជនល្មើស ! ចោរចូលលួចទ្រព្យសម្បត្តិ ឆក់ខ្សែភ្លើងស្លាប់ , នគរបាលស្រុកបាភ្នំ សម្រេចឃាត់ខ្លួនម្ចាស់ផ្ទះ

ព្រៃវែង៖ចោរម្នាក់បានចូលទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋ តែបានឆក់ខ្សែភ្លើងស្លាប់ ភ្លាមៗ ។ បញ្ហានេះ នគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានសម្រេចឃាត់ខ្លួនម្ចាស់ផ្ទះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ចោរដែលឆក់ខ្សែភ្លើងស្លាប់មានឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ ។

បញ្ហានេះ សមត្ថកិច្ចបានបង្កើតគណៈកម្មការ និង ពិនិត្យឃើញថា ឈ្មោះ យឹម សំអាត មានស្នាមដាច់ឆេះខ្លោច បាតដៃខាងឆ្វេង មួយកន្លែង បណ្តាលមកពីឆក់ខ្សែភ្លើង ស្លាប់ពិតប្រាកដមែន ។

ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ទោ មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ ថ្លែងប្រាប់ CPC NEWS នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ ថា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះរូបនេះ និង ត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ។ លោកអធិការ បន្តថា ការសម្រេចយ៉ាងណា នោះ គឺ ជាសមត្ថកិច្ចរបស់តុលាការ ។

អ្នកភូមិ បាននិយាយថា ដោយសារក្នុងមូលដ្ឋាន ឧស្សាហ៍កើតមានករណីចោរកម្មពេក ទើបម្ចាស់ផ្ទះស្ទើរគ្រប់គ្នា បានរាយខ្សែភ្លើង ដើម្បីការពារ ។ ប៉ុន្តែ ជាអកុសល ចោរបានស្លាប់ ដោយសារការលួចទ្រព្យសម្បត្តិ តែម្តង ។

បញ្ហានេះ ធ្វើអោយជនរងគ្រោះជាម្ចាស់ ក្លាយជាជនល្មើសនៃអំពើលួចរបស់ចោរទៅវិញ ៕