• Cambodia Peace Channel

កម្ពុជា និងចិន សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាស្ថាពរ រួមជាមួយកិច្ចព្រមព្រៀងសំខាន់ ៣បន្ថែមទៀត

ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និងពិភាក្សាការងារអស់រយៈពេល ២ថ្ងៃរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន កម្ពុជា និងចិនសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមជាមួយឯកសារសំខាន់ចំនួន ៣បន្ថែមទៀតប្រកបដោយភាពជោគជ័យ។

ការចុះកិច្ចព្រមព្រៀងនេះ បានប្រារព្ធឡើងក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។

ឯកសារសំខាន់ៗទាំង ៤នោះរួមមាន៖

. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា

. កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ ៩៥០លានយ័ន

. លិខិតប្តូរឯកសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

. លិខិតឯកសារស្តីពីការសិក្សាសមិទ្ធិលទ្ធផលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និងពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្រ្តពីមិត្តចិន។

សូមជម្រាបថា ចិន និងកម្ពុជាគ្រោងជំរុញ​ទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំ២០២៣​ខាងមុខ​នេះ។

កាលពីឆ្នាំ២០១៩​ ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន សម្រេចបាន​ដល់ប្រមាណជាង ៨ពាន់លាន​ដុល្លារ កើនឡើង​២៧% ធៀបនឹងឆ្នាំ២០១៨។ កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅប្រទេស​ចិន​គិត​ជា​ទឹក​ប្រាក់​កើន​ឡើង​ដល់​១ពាន់លាន​ដុល្លារ ខណៈ​​នាំ​ចូល​ពីចិនវិញក្នុង​​ទឹក​ប្រាក់​ជិត​៧​ពាន់​លាន​ដុល្លារ។ ភាគ​ច្រើន​នៃ​ទំនិញ​នាំចូល​ពី​ចិន​ជា​គ្រឿង​ចក្រ​បំរើ​ឲ្យ​តម្រូវ​ការ​ផ្នែក​សំណង់ រីឯ​ទំនិញ​កម្ពុជា​នាំ​ចូល​ទៅ​ចិន​ភាគ​ច្រើន​ជាផលិតផល​កសិកម្ម៕