• Cambodia Peace Channel

ស្ងាត់ៗ ម្ចាស់អាវលេខ១១ របស់វិខាសា ប្រកាសចាកចេញ ខណៈមានក្លិបមួយចំនួនកំពុងទាក់ទងមករូបគេផងដែរ

ភ្នំពេញ៖នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមាន វិសាខា និងជាសមាជិកក្រុមជម្រើសជាតិកម្ពុជា កីឡាករ ម៉ាត់ សាក់រ៉វី បានប្រកាសចាកចេញពីក្លិបវិសាខា ហើយ ដោយមិនបន្តកុងត្រាជាមួយក្លិបនារដូវកាល ២០២១ នេះទៀតទេ។

ខ្សែប្រយុទ្ធរូបនេះ បានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះ ថា “អរគុណខ្លាំងណាស់សម្រាប់គ្រប់បែបយ៉ាង វិសាខា។ ហើយខ្ញុំចង់និយាយថា លាសិនហើយ”

ជុំវិញបញ្ហានេះដែរ ខ្សែប្រយុទ្ធដែលមានមូលដ្ឋានមកពីខេត្តកោះកុងរូបនេះ បានអោយ CPC NEWS ដឹង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ខ្លួនពិតជាបានបញ្ចប់កុងត្រាជាមួយក្លិបវិសាខាពិតមែន។ ចំពោះការទៅលេងនៅក្លិបណាផ្សេងទៀតនោះ មិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ ខណៈមានក្លិបមួយចំនួនបានទាក់ទងមកផងដែរ

ការប្រកាសចាកចេញពីក្លិបវិសាខារបស់ខ្សែប្រយុទ្ធរូបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងការសោកស្តាយចំពោះកីឡាកររូបនេះ និងជូនពរអោយសំណាងល្អក្នុងអាជីពបាល់ទាត់នេះ ពិសេសចង់ឃើញ សាក់រ៉វី បង្ហាញខ្លួននៅលើទីលាន នារដូវកាលនេះ ជាមួយក្លិបណាមួយផ្សេងទៀត។

សូមជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យក្មេង អតីតយុវជនថ្នាល់របស់ភ្នំពេញក្រោន កីឡាករ ម៉ាត់ សាក់រ៉វី បានចូលរួមជាមួយក្លិបបាល់ទាត់ វិសាខា កាលពីអំឡុងឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២០ ពោលគឺមានរយៈពេល ៣ឆ្នាំ ហើយតែងតែរកគ្រាប់អោយក្រុម និងបង្ហាញខ្លួនអោយក្រុមជម្រើសជាតិកម្ពុជាជាញឹកញាប់ផងដែរ៕