• Cambodia Peace Channel

CPC-ការដោះដូរផលិតផលទាំងនេះ បានធ្វើឲ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា បន្ទាប់ពីចិន និងអាមេរិក

ភ្នំពេញ៖ ប្រទេសវៀតណាម បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ក្នុងការដោះដូរផលិតផលជាច្រើន រហូតធ្វើឲ្យប្រទេសវៀតណាមក្លាយជាដៃគូធំជាងគេក្នុងចំណោមបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam News Agency បានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានកើនដល់២.៨ ពាន់លានដុល្លារ ឬកើនឡើងក្នុងទំហំ ៣ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះដែរកម្ពុជាបាននាំចេញទំនិញមានទំហំទឹកប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារ និងនាំចូលប្រមាណ ១,៥ ពាន់លានដុល្លារពីប្រទេសវៀតណាម ខណៈដែលកម្ពុជាបាននាំចេញទៅវៀតណាមភាគច្រើនជាផលិតផលកសិកម្មដូចជា អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិនានា ហើយវៀតណាមបាននាំចូលមកកម្ពុជាវិញមានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី អេឡិចត្រូនិក ជី គ្រឿងទេស បន្លែ និងផ្លែឈើ ដែលធ្វើឲ្យចំណូលពីការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយជាមធ្យមប្រចាំឆ្នាំមានទំហំ ១៨.៥% ក្នុងអំឡុងឆ្នាំ ២០១០ – ២០១៥ និងលើសពី ២១% ក្នុងកំឡុងឆ្នាំ ២០១៥ – ២០២០។

គួរបញ្ជាក់ផងដែរថា តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ វៀតណាមក៏នៅតែជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់កម្ពុជាផងដែរ ដោយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង ៧៩% ក្នុងឆ្នាំ ២០២០ ខណៈទំហំទឹកប្រាក់មានដល់ទៅ ៩.៥៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ និងឡើងដល់ ១០.៥៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២៕