• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មន្រ្តីនៃអាជ្ញាធរជាតិអប្សរាដែលបានប្រើប្រាស់ហឹង្សាទៅលើក្មេង ត្រូវទទួលរងវិន័យរដ្ឋបាល ព្រមទាំងសុំទោសឪពុកម្តាយកុមាររងគ្រោះដោយផ្ទាល់

សៀមរាប៖អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គមFacebookមេត្តាជ្រាបថា៖ នៅរសៀលបានផ្សព្វផ្សាយនូវវីដេអូដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្តើកចល័ត នៅបរិវេណកសិន្ទុអង្គរវត្ត។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖

១- ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នាពេលអនាគត។ ក្នុងករណីមិនរាងចាល នឹងត្រូវបណ្ដេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាននានា។ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុកម្ដាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ។

២-ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រី បុគ្គលិកភ្នាក់ងារ ពលករ និងឆ្មាំ នៃអាជ្ញាធរជាតិអប្សរា ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វីជ្ជាជីវៈ និងចៀសវាងឱ្យបានជាដាច់ខាត នូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។

៣- អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។

៤- ដោយឡែក អាជ្ញាធរជាតិអប្សរា សូមអំពាវនាវសារជាថ្មីម្តងទៀត ដល់សាធារណជនទាំងអស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ទុនា នៃរមណីយដ្ឋានអង្គរដោយមិនមានការអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមានប្រភពដើមនៅទីនោះ។