• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សេដ្ឋកិច្ចជាតិ #សេដ្ឋកិច្ចអន្តរជាតិ

CPC-កម្ពុជាបាននាំចេញអង្ករចំនួន ៥០០តោនទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមជាលើកដំបូង

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមអគ្គនាយក នៃក្រសួងពាណិជ្ជកម្ម លោកអគ្គនាយកក្រុមហ៊ុន វ័នរ៉ូដ គ្រុប លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងការដឹកជញ្ជូនលើកទី១ ចំនួន ៥០០ តោន ដោយការបញ្ជាទិញក្នុងកម្រិតចំនួន ៦០០០០ តោន​ ស្មើនឹង ៥៤ លានដុល្លារអាម៉េរិកនាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅការិយាល័យកណ្ដាលក្រុមហ៊ុន វ័នរ៉ូដ គ្រុប ។

លោកជំទាវរដ្ឋមន្ត្រី បន្តថា ការនាំចេញអង្ករនាពេលនេះ មិនត្រឹមតែជាការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសចិន ដែលមានក្រុមហ៊ុន វ័នរ៉ូដ គ្រុប ជាតំណាងផងដែរ។ លើសពីនេះការនាំចេញនេះនឹងបើកទីផ្សារថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក្នុងចំណោមប្រទេសទាំង៣នេះ ហើយនឹងផ្តល់ឱកាសថ្មីៗ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗ ជាច្រើនបន្ថែមទៀត។

លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបន្តខិតខំយ៉ាងសកម្មក្នុងការបន្តជំរុញ និងគាំទ្រយ៉ាងពេញទំហឹងដល់ការនាំចេញកសិផលក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កសិករ និងអ្នកផលិតរបស់យើង ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនូវកសិផលរបស់កម្ពុជា ជាពិសេសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូអន្តរជាតិនានា ដែលមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងគោលបំណងទទួលបានផលប្រយោជន៍រួម និងវិបុលភាពទៅវិញទៅមក។ លើសពីនេះ ក្រសួងពាណិជ្ជកម្មនឹងចូលរួមរៀបចំវេទិកាផ្គូផ្គងអាជីវកម្ម ដែលនឹងរៀបចំឡើង នៅចុងខែកុម្ភៈឆ្នាំ ២០២៤ នៅទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញ និងបង្កើតឱកាសក្នុងការរកទីផ្សារថ្មីបន្ថែមទៀតរបស់អង្ករ​កម្ពុជា។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថានឹងមានការបញ្ជាទិញ និងនាំចេញកាន់តែច្រើនបន្ថែមទៀត និងបានស្នើឱ្យក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពួតដៃគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យអង្ករ ព្រមទាំងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ ផងដែរ៕