• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អាជ្ញាធរខេត្តកោះកុង ចុះបង្រ្កាបបទល្មើសជួញដូរវារីសត្វកំពុងរងគ្រោះ និងសត្វព្រៃខុសច្បាប់ ក្នុងក្រុងខេមរភូមិន្ទ

កោះកុង៖ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះដែលមានសមាសភាពមកពីរដ្ឋបាលជលផល ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស គាំទ្រដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការជាមួយខណ្ឌរដ្ឌបាលជលផលកោះកុង ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង កងរាជអាវុធហត្ថខេត្តកោះកុង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ និងអាជ្ញាធរសង្កាត់ស្មាច់មានជ័យ បានចុះឆែកឆេរលំនៅដ្ឋាន១កន្លែងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយបានប្រទះឃើញវត្ថុតាងនៃបទល្មើសប្រភេទវារីសត្វកំពុងរងគ្រោះថ្នាក់និងសត្វព្រៃ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤  រួមមាន៖ក- បទល្មើសជលផល- កន្ធាយអាស៊ីរស់ចំនួន ៦ក្បាល ទម្ងន់១៦,៥០គីឡូក្រាម- អណ្តើកសោមឈ្មោលចំនួន ២៨០ក្បាល ទម្ងន់១៩៦គីឡូក្រាម- អណ្តើកបិទមុខចំនួន ៧ក្បាល ទម្ងន់៧គីឡូក្រាម
ខ- បទល្មើសព្រៃឈើ- សត្វពពូលងាប់ចំនួន ៦២ក្បាល- សត្វក្លុំងាប់ ចំនួន ៥២ក្បាល- សាច់ជ្រូកព្រៃស្រស់ ទម្ងន់១០គីឡូក្រាម- សាច់សំពោចងាប់ចំនួន២ក្បាល ទម្ងន់០,៦០គីឡូក្រាម- សាច់កាំប្រមាស្រស់ ទម្ងន់០,៥០គីឡូក្រាម
ចំពោះករណីបទល្មើសជលផល ជនសង្ស័យបានយល់ព្រមប្រគល់វត្ថុតាងដែលជាសត្វរស់ទាំងអស់ជូនសមត្ថកិច្ចរដ្ឋបាលជលផល។ សត្វកន្ធាយអាស៊ី៦ក្បាល និងអណ្តើកសោមឈ្មោលចំនួន៦០ក្បាល ត្រូវបានសមត្ថកិច្ចជលផលប្រគល់ជូនទៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ដើម្បីថែបំប៉ននិងសិក្សាស្រាវជ្រាវ ចំណែកអណ្តើកបិទមុខចំនួន៧ក្បាល និងអណ្តើកសោមឈ្មោលចំនួន២២០ក្បាលទៀត ត្រូវបានលែងក្នុងដែនជម្រកធម្មជាតិនៃតំបន់អភិរក្សប្រព័ន្ធស្ទឹងព្រាត់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ព្រមទាំងបានសារភាពទោសកំហុស និងយល់ព្រមបង់ប្រាក់ពិន័យអន្តរការណ៍ជូនរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើតាមនីតិវិធី ៕