• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មហាជនរិះគន់ចំៗ ទៅកាន់បុគ្គលដែលមានប្រជាប្រិយភាព ជុំវិញការផលិតវីឌីអូមានខ្លឹមសារអូសទាញប្រជាពលរដ្ឋអោយចូលលេងល្បែង

ភ្នំពេញ៖ថ្មីៗកន្លង មានការចែករំលែកគ្នាពាសពេញបណ្ដាញសង្គម ជុំវិញការផលិតវិឌីអូខ្លីៗ ដែលមានខ្លឹមសារអូសទាញប្រជាពលរដ្ឋអោយចូលលេងល្បែង ដោយមានការចូលរួមសម្ដែងពីសំណាក់បុគ្គលដែលមានប្រជាប្រិយភាព បានក្លាយទៅជាប្រធានបទក្ដៅ នឹងទទួលរងការរិះគន់យ៉ាងចាស់ដៃពីមហាជនទូទៅ ។

យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ ឌី ណា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា _លេងល្បែង ដើម្បីក្លាយជាអ្នកមានដឹងហើយថាខ្លួនជាបុគ្គលដែលមានឥទ្ធិពលខ្លាំងដល់ សង្គមDigital តែនៅតែលក់ ឧត្តមគតិ ឈានទៅការបំពុលសង្គម និង បំផ្លាញ់អនាគត ក្មេងៗ ដែលជាពន្លកទំពាំង ស្នង ជាតិសាសន៍ខ្មែរ ព្រោះតែ ប្រយោជន៍ផ្ទាលខ្លួន ។

ជាមួយគ្នានេះម្ចាស់គណនីខាងបានបន្ថែមថា ខ្លាចហើយស្រុកខ្មែរ មិនទាន់រំសាយរឿងស្រាផង ឥឡូវ + ល្បែង អ្នកល្បីអស្ចារ្យប៉ុនណាក៏ដោយ ខ្ញុំមិនគាំទ្រជាដាច់ខាន តោះចូលរួម Report។

ជុំវិញការបង្ហោះសំណេររបស់ពលរដ្ឋខាងលើ សង្កេតឃើញថា មានការបញ្ចេញមតិ និងចែករំលែកគ្នាជាច្រើន ដោយសម្ដែងការមិនពេញចំពោះរូបភាពបែបនេះ ជាពិសេសក្នុងនាមជាបុគ្គលដែលមានប្រជាប្រិយភាពគប្បី ធ្វើជាគំរូល្អក្នុងសង្គម ជៀសវាងការសម្លឹងឃើញតែប្រយោជន៍ផ្ទាល់ខ្លួនក្នុងរយៈពេលខ្លី ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្ដី  ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មការផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញនិងការទប់ស្កាត់ ដោយបានដាក់ចេញនូវវិធានការ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.សូមធ្វើការណែនាំ ដូចខាងក្រោម៖

១. ប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ និងគ្រប់មធ្យោបាយរហូតដល់មានការជូនដំណឹងជាថ្មី។

២. អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលពាក់ព័ន្ធផ្សេងទៀត ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការផលិត ការផ្សព្វផ្សាយ ឬការចែកចាយវីដេអូនិង/ឬមាតិកាកម្សាន្តដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។

៣. រាល់សកម្មភាពពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយ ឬចែកចាយវីដអូដែលមានខ្លឹមសារផ្សព្វ-ផ្សាយអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់រូបភាព ជាសកម្មភាពខុសច្បាប់។

ក្នុងករណីដែលប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងបុគ្គលពាក់ព័ន្ធទាំងអស់មិនអនុវត្តតាមសេចក្តី-ជូនដំណឹងនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និងលិខិត-
បទដ្ឋានគតិយុត្តជាធរមាន ៕