• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រកាស់បញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ

កំពង់ស្ពឺ៖អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រកាស់បញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរបស់ខ្លួន។

នេះយោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺចុះថ្ងៃទី០៩ ខែកុម្ភៈ បានបញ្ជាក់ថា រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងទៀតទេ និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីថែរក្សាបានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ ដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

ក្នុងន័យនេះ រដ្ឋបាលខេត្ត ស្នើលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចូលរួមអនុវត្តការបញ្ឈប់ ឬបញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបាន
ម៉ឺងម៉ាត់បំផុត ៕