• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមិនត្រូវទិញ និងប្រើប្រាស់ឱសថឈ្មោះ Ketosteril tablets ដែលគ្មានលេខបញ្ចិកា

ភ្នំពេញ៖ក្រសួងសុខាភិបាលពិនិត្យឃើញមានឱសថឈ្មោះ Ketosteril tablets គ្មានលេខបញ្ចិកាពីក្រសួងសុខាភិបាលកំពុងចរាចរលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងឱសថដែលកំពុងចែកចាយដោយក្រុមហ៊ុន MEGA LIFESCIENCES PTY LTD ដូចមានរូបភាពភ្ជាប់មកជាមួយ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ
គ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់
ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ញិកាដូចមានគំភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថដែលគ្មានលេខបញ្ញិកាខាងលើជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាពសុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ញិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ចិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន ៕