• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម #សិល្បៈ​

CPC-សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅដើមខែមេសាខាងមុខនេះ

ភ្នំពេញដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី ០១-០២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ជូនសាធារណជនទូទៅក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូ/អ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។
កម្មវិធីនេះគឺមានការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស និងមានការចូលរួមពីខាងសិប្បកម្មផ្សេងៗនៅក្នុងរាជធានី និងបណ្តាខេត្តមួយចំនួន ជាពិសេសមានការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ដោយសិស្សានុសិស្ស ក៏ដូចជាសិល្បករ សិល្បការិនី និងតារាល្បីៗដែលជាអតីតសិស្សសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងមានការប្រគំតន្ត្រី (តន្ត្រីបុរាណ-តន្ត្រីសម័យ) ដើម្បីបង្ហាញជូននូវសិល្បៈវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ (ការថែរក្សា អភិរក្ស បេតិកភណ្ឌវប្បធម៌ (រូបី និងអរូបី) គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប)។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះប្រព្រឹត្តទៅបានគឺដោយមានការអញ្ជើញចូលរួមពីសាធារណជន ទស្សនិកជន សប្បុរសជនពីគ្រប់ទិសទី៕