• Cambodia Peace Channel

មហាសេដ្ឋី Jack Ma មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈមានកំណើនជនជាតិចិន

សៀមរាប៖មហាសេដ្ឋីចិន ដែលមានឈ្មោះល្បីល្បាញក្នុងវិស័យធុរៈកិច្ចទូទាំងពិភពលោក បានមកទស្សនកិច្ចជាលើកដំបូងនិងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

យោងតាមប្រភព​ព័ត៌មាន​ពីមន្ត្រីព្រលានយន្តហោះខេត្តសៀមរាប បានឲ្យដឹងថា លោក Jack Ma ដែលជាអគ្គនាយកក្រុមហ៊ុន Alibaba បានមកដល់ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាបនាវេលាម៉ោងប្រហែល ៧៖៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៩​ ម្សិលមិញនេះ ក្នុងគោលបំណងមកទស្សនកិច្ចនៅខេត្តសៀមរាប និងស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។

ប្រភពដដែលបានឲ្យដឹងថាលោកនឹងធ្វើដំណើរ​កម្សាន្ត​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងចូល​កម្សាន្ត​នៅរមណីយដ្ឋានភូមិជ្រៃនាក្រុងប៉ោយប៉ែតផងដែរ ។

ប៉ុន្តែនៅមិនទាន់ដឹងដំណើរទស្សនកិច្ចនេះមានរយៈពេលប៉ុន្មានថ្ងៃ និងគ្រោងជួបមន្រ្តីណានៅឡើយទេ។

គួរជម្រាបថា ចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតពីដើមទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៨នេះ ទំហំវិនិយោគរបស់ចិនមានទឹកប្រាក់ជាង១៧ពាន់លានដុល្លារអាមេរិក ក្នុងនោះអ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួន រួមមាន សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រោយនេះចិនវិនិយោគលើវិស័យសំណង់ និងអចលវត្ថុកម្ពុជាឈានមុខគេ៕

ដោយ៖ លី ស៊ូម៉ា