• Cambodia Peace Channel

ឈរចំណុចស្ពានជ្រោយចង្វារទី១ , ឱក សុគន្ធកញ្ញា សូមពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

ភ្នំពេញ៖កំពូលតារាចម្រៀងស្រី ដែលកំពុងលេចធ្លោ និងពេញនិយមពីស្រទាប់យុវជននៅកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ក្រៅពីសម្លេងច្រៀងពិរោះ សម្រស់ស្រស់ស្អាត កញ្ញា បុគ្គលដែលចូលចិត្តធ្វើអំពើសប្បុរសធម៌ផងដែរ។

នៅព្រឹកទី១២ ខែមេសា ឆ្នាំ២០១៩ នេះ ពោលគឺមុនថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គេប្រទះឃើញតារាចម្រៀងរូបនេះ កំពុងឈរនៅលើគល់ស្ពានជ្រោយចង្វារទី១ ថតស្ពតវីឌីអូអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

សកម្មភាពនេះធ្វើឲ្យអ្នកគាំទ្រសម្តែងក្តីកោតសរសើរនូវទឹកចិត្តថតស្ពតវីឌីអូអប់រំ ដើម្បីផ្សព្វផ្សាយ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវទីសាធារណៈនានា នៅទូទាំងរាជធានី ខេត្តក្រុង។

សូមជម្រាបផងដែរថា ការថតស្ពតអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោករបស់តារាចម្រៀងរូបនេះ ក្នុងនាមកញ្ញាជា ឯកអគ្គរាជទូតសុឆន្ទៈរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ហៅកាត់ថា JICA។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយការពាក់មួយសុវត្តិភាព និងមិនបំពានគំនូសចរាចរណ៍៕

ដោយ៖ស្រុីប ឡានី