• Cambodia Peace Channel

កាដូពិសេសក្នុងថ្ងៃមង្គលការ ! Mesut Ozil នឹងឧបត្ថម្ភទឹកប្រាក់ក្នុងការវះកាត់សម្រាប់កុមារ ១០០០នាក់ និងអ្នកគ្មានផ្ទះសម្បែង ១៦,០០០នាក់ រួមទាំងជនភៀសខ្លួនស៊ីរី

ទួរគី៖ខ្សែបម្រើប្រយុទ្ធកាំភ្លើងធំ Arsenal និងជាអតីតខ្សែបម្រើក្រុមអធិរាជស Real Madrid កីឡាករ Mesut Ozil បានបង្ហើបប្រាប់នៅក្នុងថ្ងៃមង្គលការរបស់លោកថា លោកនឹងឧបត្ថម្ភទឹកប្រាក់ក្នុងការវះកាត់សម្រាប់កុមារ ១០០០នាក់។

ខ្សែបម្រើអតីតជម្រើសជាតិអាល្លឺម៉ងរូបនេះ នឹងស្នើរដល់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលគាំទ្រដល់គម្រោងរបស់លោកជាមួយអង្គការសប្បុរសធម៍ Bigshoe។ ហើយការងារមនុស្សធម៌នេះ នឹងសហការជាមួយគ្រូពេទ្យអាល្លឺម៉ង់និងស្វីស ដើម្បីជួយដល់កុមារនៅជុំវិញពិភពលោកដែលមានការវះកាត់ផ្លាស់ប្តូរជីវិត។

លើសពីនេះ ខ្សែ​បម្រើវ័យ៣០ឆ្នាំរូបនេះ នឹងបរិច្ចាគទ្រព្យសម្បត្តិជួយដល់អឌ្ឍចន្ទក្រហមទួរគីសម្រាប់ជួយដល់អ្នកគ្មានផ្ទះសម្បែងចំនួន ១៦,០០០នាក់ រួមទាំងជនភៀសខ្លួនស៊ីរីផងដែរ។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ Turkish football។

សូមជម្រាបថា ខ្សែបម្រើប្រយុទ្ធរបស់កាំភ្លើងធំកីឡាករ Mesut Ozil បានរៀបអាពាហ៍ពិពាហ៍ជាមួយអតីតបវរកញ្ញាទួរគី កញ្ញា Amine Gulse កាលពីថ្ងៃសុក្រ នៅសណ្ធាគារ The Four Season ក្នុងទីក្រុង អ៊ីស្តង់ប៊ូល ប្រទេសទួរគី ក្រោមវត្តមានប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ផងដែរ៕

ដោយ៖ស្រ៊ីប ឡានី