• Cambodia Peace Channel

ផ្លូវការហើយ ! ចាន់ វឌ្ឍនាកា នឹងចូលរួមជាមួយក្លិបបឹងកេត នៅជើងទី២ នៃក្របខណ្ឌលីគកំពូលកម្ពុជា

ភ្នំពេញ៖ខ្សែប្រយុទ្ធឆ្នើមសមាជិកជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា ទីបំផុតបានត្រឡប់មកចូលរួមជាមួយក្លិបចាស់របស់គេវិញហើយ ពោលគឺក្លិបបឹងកេត ក្រោយការចាកចេញពីក្លិប PKNS លីគកំពូលម៉ាឡស៊ី កាលពីពេលថ្មីៗនេះ។

គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបឹងកេត បានបញ្ជាក់ជាផ្លូវការថា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នឹងចូលរួមជាមួយក្លិបសាជាថ្មី ក្រោយរូបគេបានបដិសេធទៅចូលរួមជាមួយក្លិប Terengganu FC របស់ម៉ាឡេស៊ី។

ទាក់ទងនឹងការវិលចូលរួមជាមួយក្លិបបឹងកេតសាជាថ្មីវិញនេះដែរ លោក ហៅ សុជាតិ ដែលជាគ្រូបង្វឹក បានបង្ហាញសេចក្តីរីករាយ និង ស្វាគមន៍កីឡាកររូបនេះ ដើម្បីជួយក្រុមនៅជើងទី២ ដោយលោកលើកថា”ការមកវិញរបស់ ចាន់ វឌ្ឍនាកា គឺល្អសម្រាប់យើងក្នុងជើងទី២ ព្រោះចំណុចល្អរបស់គាត់នឹងបំពេញនូវអ្វីដែលយើងខ្វះខាតក្នុងជើងទី១ ពិសេសតំបន់ប្រយុទ្ធ”។

សូមជម្រាបថា ចាន់ វឌ្ឍនាកា នឹងពាក់អាវលេខ១១ របស់បឹងកេត ដើម្បីត្រៀមចូលរួមជាក្រុមប្រកួតជើងទី២ នៃក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៩ និង ពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សម្រាប់ឆ្នាំ២០១៩ ផងដែរ៕

ដោយ៖ស្រ៊ីប ឡានី