• Cambodia Peace Channel

អបអរសាទរ ! ក្លិបបាល់ទាត់ខេត្តកំពង់ចាម ត្រូវបានអភិបាលខេត្តជួយជ្រោមជ្រែង

កំពង់ចាម៖ លោក ស្រេង វ៉ាន់ណូ អ្នកចាត់ការក្លិបខេត្តកំពង់ចាម បានចូលជួបអភិបាលខេត្តកំពង់ចាមថ្មី លោក អ៊ុន ចាន់ដា ដើម្បីពិភាក្សាអំពីវិស័យកីឡាបាល់ទាត់ ក្នុងនោះលោក អ៊ុន ចាន់ដាបានអះអាងថា នឹងជួយក្លិបខេត្តកំពង់ចាមឲ្យពេញទំហឹងតែម្តង។

បើយោងតាមការចុះផ្សាយរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដានេះ ដោយស្រង់សម្តីរបស់អ្នកចាត់ការក្លិបខេត្តកំពង់ចាម លោក ស្រេង វ៉ាន់ណូបានលើកឡើងថា “ខ្ញុំបានចូលទៅជួបឯកឧត្តមអភិបាលខេត្តនៅគេហដ្ឋានរបស់គាត់ ហើយគាត់បានសួរនាំពីក្លិបបាល់ទាត់ខេត្តកំពង់ចាមដែរ ហើយយើងទទួលបានការស្វាគមន៍ និងយកចិត្តទុកដាក់ពីគាត់ផងដែរ“។

លោកបានបន្ថែមទៀតថា គាត់នឹងជួយឲ្យពេញទំហឹង ដោយក្នុងនោះគាត់សំដៅទៅលើទីលាន មួយវិញទៀតបើផ្អែកតាមព័ត៌មានមួយបានឲ្យដឹងថា នៅសប្តាហ៍ក្រោយថ្នាក់ដឹកនាំក្លិប Singburi នឹងមកកំពង់ចាមម្តងទៀត ហើយក៏សូមជួបឯកឧត្តមអភិបាលខេត្តផងដែរ។

គួរជម្រាបថា ក្លិបបាល់ទាត់ខេត្តកំពង់ចាម បាននឹងកំពុងរងនូវការមិនពេញចិត្តជាខ្លាំងចំពោះបណ្តាអ្នកគាំទ្ររបស់ខ្លួន ក្រោយក្លិបនេះបង្ហាញទម្រង់លេងមិនបានល្អ ទាំងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់ថ្នាក់ជាតិជាដើម ហើយបើតាមការសង្កេតមើលឃើញថា ក្លិបបាល់ទាត់ខេត្តកំពង់ចាម មានការខ្វះខាតជាខ្លាំងផ្នែកហិរញ្ញវត្ថុ និងការផ្គត់ផ្គង់ជាដើម៕ដោយ៖ស្រ៊ីប ឡានី