• Cambodia Peace Channel

វគ្គ៤ក្រុមពានរង្វាន់ហ៊ុនសែនខាប់៖ បានមើលការប្រកួតគូរពិសេសហើយ មានឱកាសឈ្នះរង្វាន់ទៀត

ភ្នំពេញ៖សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០១៩ ចាប់ពីវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នឹងមានលក់សំបុត្រសម្រាប់អ្នកគាំទ្រដែលចង់ចូលរួមទស្សនាដោយផ្ទាល់ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ចំពោះតម្លៃសំបុត្រធម្មតា គឺ៣០០០រៀល និង៥០០០រៀលសម្រាប់វីអាយភី។

រាល់ការទិញសំបុត្រទស្សនិកជននឹងមានឱកាសឈ្នះរង្វាន់ពិសេសៗយ៉ាងច្រើនពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដោយគ្រាន់តែសន្សំសំបុត្រពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតទៅ ដើម្បីទុកចាប់រង្វាន់នៅថ្ងៃផ្ដាច់ព្រ័ត្រ។កម្មវិធីចាប់រង្វាន់ដ៏ពិសេសនេះធ្វើឡើង ដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រដែលខំចំណាយពេល និងថវិកាផ្ទាល់ខ្លួនចូលរួមទស្សនាការប្រកួតបាល់ទាត់ជាតិ។

គួរជម្រាបជូនដែរថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នឹងចាប់ផ្ដើមពីថ្ងៃពុធ ទី១៨ ខែកញ្ញា ដែលមានវិសាខា ជួបជាមួយបឹងកេត និងព្រះខ័នរាជស្វាយរៀងប៉ះភ្នំពេញក្រោន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា។ រីឯសំបុត្រនឹងចាប់ផ្ដើមលក់ពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា តទៅនៅស្នាក់ការ CNCC៕