• Cambodia Peace Channel

CPC-៣ថ្ងៃទៀត កម្មវិធី តេជោ សន្តិភាព គុនខ្មែរវើលឆេមពាន នឹងប្រព្រឹត្តិធ្វើឡើង ក្រោមសមាសភាពកីឡាករតំណាងធាតុទាំង៤ ដែលសុទ្ធតែមិនធម្មតា

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ព្រឹត្តិការណ៍ដែលមិនធ្លាប់មាន កម្មវិធី តេជោ សន្តិភាព គុនខ្មែរវើលឆេមពាន នឹងប្រព្រឹត្តិធ្វើឡើង ក្នុងគោលបំណងលើកស្ទួយដល់ក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែមានភាពល្បីល្បាញបំផុត ក្រោមកិច្ចសហការរវាងសហព័ន្ធប្រដាល់គុនខ្មែរ និងស្ថានីយទូទស្សន៍ថោន។

គូដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក Kun Khmer World Championsរួមមាន៖

ទី១.កីឡាករ ជាងកាត់សក់ដៃឯក ព្រំ សំណាង ប្រកួតតទល់ជាមួយកីឡាករ នីគីតា មកពីប្រទេសបេឡារុស្ស ក្នុងប្រភេទទម្ងន់៧៧គីឡូក្រាម និងជាអវតារធាតុទឹក។

ទី២. កីឡាករ ធឿន ធារ៉ា ត្រូវប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកមួយទៀត ជាមួយកីឡាកររ៉ូម៉ានី អេឡេច ប៊ូប្លៀ ក្នុងប្រភេទទម្ងន់៧២គីឡូក្រាម និងជាអវតារធាតុដីផងដែរ។

ចំណែកអាវតារអម២គូទៀត គឺកីឡាកររឿង សោភ័ណ្ឌ និងត្រូវប្រកួតមិត្តភាពជាមួយកីឡាករថៃ ឆាងស៊ឹក ចេស្តា តំណាងអាវតារធាតុភ្លើង ប្រកួតក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម និងកីឡាករ ម៉ានូ សិល្បៈ ត្រូវប្រកួតជាមួយបងប្អូនក្បែរខាងយើង គឺកីឡាករឡាវ ឆាតសម័យ ឆាតឆៈរ៉ាម ក្នុងប្រភេទទម្ងន់៨៥គីឡូក្រាម និងតំណាងធាតុខ្យល់។

ដោយឡែកគូមិត្តភាពបើកឆាកនៃព្រឹត្តិការណ៍ប្រដាល់គុនខ្មែរពិភពលោកនេះដែរ រួមមាន៖ កីឡាករ យ៉េន ឌីណា នឹងត្រូវជួបប្រកួតជាមួយកីឡាករជើងខ្លាំងមកពីរុស្ស៊ី សូឡូវី ស៊ើហ្គី ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។

កីឡាករ ម្ចាស់ខ្សែក្រវាត់IPCCគុនខ្មែរ វគ្គ១ ផល សោភ័ណ្ឌ នឹងត្រូវតតាំងជាមួយកីឡាករមកពីប្រទេសព័រទុយហ្គាល់ មីហ្គែល ទ្រីនដាឌី ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម និងកីឡាករក្របីព្រៃពេជ្រ សម្បត្តិ ត្រូវប្រកួតជាមួយកីឡាករថៃ ភេតឆាឡាមផន ប៉ ចារើនផាត់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

ជាមួយគ្នានេះ អ្នកស្នេហាគុនខ្មែររំពឹងថា តាមរយៈព្រឹត្តិការណ៍មួយនេះ គុនខ្មែរ នឹងកាន់តែមានភាពល្បីល្បាញ ខណៈមួយរយៈចុងក្រោយមកនេះ សន្ទុះនៃការគាំទ្ររបស់ ពលរដ្ឋខ្មែរច្រើនលើសលប់ និងសង្ឃឹមថាអាចមានការរៀបចំបែបនេះ បន្តទៀត៕