• Cambodia Peace Channel

CPC-កម្ពុជា និងតួកគី កំណត់ទិសដៅដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ក្នុងទំហំ ១ ប៊ីលានដុល្លារអាមេរិក

ភ្នំពេញ ៖  ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ លោកជំទាវ ülkù Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ខណៈដែលកម្ពុជា និងតួកគីនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញនូវការត្រៀមខ្លួនជាស្រេចក្នុងការ រៀបចំសកម្មភាពរួមគា្ននានា ដើម្បីអបអរព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរ យោបល់អំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងផ្តល់អាទិភាពលើវិស័យសក្តានុពលនានា នៃកិច្ចសហប្រតិបត្តិការដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនិងនេះ ចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ។ ភាគីទាំងពីរ បានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ ប៊ីលានដុល្លារអាមេរិក។ ក្នុងន័យនេះ លោកជំទាវ ülkù Kocaefe បានគូសបញ្ជាក់ថាតួកគី បានបង្កើតឱ្យមានជាលើកដំបូងនូវ ការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរនូវ កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី៕