• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប បានរុះរើបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ ក្នុងស្រុកពួក

សៀមរាប៖ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក ខេត្តសៀមរាប បានអមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុចជ្រោយពពាយ សង្កាត់ចុងឃ្នៀស ដល់ចំណុចមាត់ពាមតាអួរ ស្រុកពួកខេត្តសៀមរាបនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក ខេត្តសៀមរាប និងឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ព្រមទាំងក្រុមការងារ រួមមាន លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី លោក ហៃ យុង អភិបាលរងក្រុងសៀមរាប លោក ថ្លៃ ចិន អភិបាលរងស្រុកពួក និងសហការីកម្លាំងសរុបចំនួន ៥២នាក់ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុចជ្រោយពពាយសង្កាត់ចុងឃ្នៀស ដល់ចំណុចមាត់ពាមតាអួរ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
នៅអំឡុងពេលចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនោះ ក្រុមការងារជំនាញ បានរុះរើនឹងបំផ្លាញចោលនៅនឹងកន្លែងឧបករណ៍នេសាទល្មើសច្បាប់ រួមមាន របាំងសាច់អួនចំនួន២៥របាំង ក្បាលបចំនួន២៥គ្រឿង ចម្រឹងចំនួន១.៥០០ ដើម និងព្រលែងត្រីចម្រុះចំនួន៩០គីឡូក្រាម៕