• Cambodia Peace Channel

វីរៈបុរសបាល់ទាត់អង់គ្លេស David Beckham

អង់គ្លេស៖ David Beckham អតីតកីឡាករបាល់ទាត់ជម្រើសជាតិអង់គ្លេស មានតួនាទីជាខ្សែបម្រើកណ្តាល។ Beckham ធ្លាប់លេងឲ្យក្លិបបិសាចក្រហម Manchester United, Preston North End, Real Madrid, A.C Milan, Los Angeles Galaxy និង Paris Saint-Germain ។

Beckham ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករផ្សេងទៀតនៅក្រុមជម្រើសជាតិអង់គ្លេសដែលធ្លាប់ប្រកួតជាអន្តរជាតិ នឹងមានប្រវត្តិល្បីល្បាញខ្លាំងនៅក្នុងវិស័យកីឡាបាល់ទាត់ អាចនិយាយបានថាជាវីរៈបុរសនៃប្រទេសអង់គ្លេស នឹងមានតម្លៃខ្លួនខ្ពស់បំផុតនៅក្នុងពិភពលោកកាលឆ្នាំ២០១១។

David Beckham កើតនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ១៩៧៥ នៅតំបន់ Leytonstone ទីក្រុងឡុងដ៌ ប្រទេសអង់គ្លេស ។ កីឡាកររូបនេះផ្តើមអាជីពក្នុងវិស័យកីឡាបាល់ទាត់នៅក្លិប Layton ទីក្រុងឡុងដ៍ គាត់បានចំណាយពេល ២ឆ្នាំនៅក្លិបនេះយ៉ាងជោគជ័យ។ ក្រោយមក David Beckham បានចូលសាលាបាល់ទាត់ដ៏ល្បីល្បាញមួយឈ្មោះថា Tottenham នឹងបញ្ចប់ការសិក្សាដោយជោគជ័យនៅទីនោះ។

David Beckham មានអាយុ ១១ឆ្នាំ គាត់ត្រូវបានគ្រូបង្វឹកក្លិបដ៏ល្បីល្បាញរបស់ Manchester United កោះហៅ។ ក្មេងជំទង់ដែលមានទេពកោសល្យនេះត្រូវបានកោះហៅធ្វើតេស្តសមត្ថភាព ដោយជោគជ័យនៅក្រុមយុវជននៃក្លិបនេះ។ នៅឆ្នាំ១៩៩២ ក្រុមយុវជនក្លិប Manchester United បានឈ្នះ FA Cup ហើយ Beckham ត្រូវបានគេកត់សម្គាល់ថា មានសមត្ថភាពអស្ចារ្យនៅលើទីលាន។ ហើយកីឡាកររូបនេះបានចុះកិច្ចសន្យានៅក្លិប Manchester United ក្នុងឆ្នាំ ១៩៩៣។

នៅឆ្នាំ ១៩៩៨ David Beckham បានក្លាយជាវីរបុរសយ៉ាងពិតប្រាកដនៅជម្រើសជាតិអង់គ្លេស ដោយសារគ្រាប់បាល់មួយគ្រាប់ដែលស៊ុតបញ្ចូលទីក្រុមជម្រើសជាតិកូឡុំប៊ីដ៏អស្ចារ្យនៅ World Cup។ នៅឆ្នាំ២០០០ Beckham ត្រូវបានតែងតាំងជាប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេស។

ក្នុងឆ្នាំ ២០០២ Beckham ត្រូវបានផ្ទេរទៅក្លិប Real Madrid ក្នុងតម្លៃខ្លួន ៣៥លានអ៊ឺរ៉ូ។ ការរូមរស់ជាក្រុមអេស្ប៉ាញ ក្លិប Real Madrid, Beckham បានក្លាយជាម្ចាស់ជើងឯកអេស្ប៉ាញនៅឆ្នាំ ២០០៦-២០០៧។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៣ Beckham បានចុះហត្ថលេខាលើកុងត្រារយៈពេល ៥ខែជាមួយនឹងក្លិប Paris Saint-Germain ហើយកីឡាកររូនេះជាផ្នែកមួយ ក្លាយជាម្ចាស់ជើងឯករបស់ប្រទេសបារាំង។ ជ័យជម្នះនេះ ធ្វើឲ្យ Beckham ក្លាយជាកីឡាករតែម្នាក់ដែលបានក្លាយជាម្ចាស់ជើងឯកនៃប្រទេសចំនួន៤ ពោលគឺអង់គ្លេស អេស្ប៉ាញ សហរដ្ឋអាមេរិក និង បារាំង។

ម្ចាស់អាវលេខ៧ បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៣ ក្នុងអាយុ ៣៨ឆ្នាំ។ ហើយគេនៅចាំបានថា វីរៈបុរសអង់គ្លេសរូបនេះ កាលគាត់នៅមានវ័យជំទងអាយុប្រហែលជា ២០ឆ្នាំ ធ្លាប់ចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនធំៗដូចជា Pepsi និង Adidas នឹងក្លាយទូតសុឆន្ទៈរបស់ក្រុមហ៊ុនទាំងនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រ 24smi.org៕

ដោយ៖ ស្រ៊ីប ឡានី