• Cambodia Peace Channel

Conor Nestor ៖ ខ្ញុំធ្វើតាមអ្វីដែលខ្ញុំជឿថាល្អ សម្រាប់ព្រះខ័នរាជស្វាយរៀង យើងមិនចង់ផ្លាស់ប្តូរ

ភ្នំពេញ៖គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានបង្ហាញការពេញចិត្តចំពោះក្រុមរបស់លោកដែលមានស្រាប់ជាខ្លាំង ពិសេសគេសង្កេតថា ក្លិបនេះមិនសូវជាមានផ្លាស់ប្តូរកីឡាករចេញ ចូលច្រើនទេ ក្នុងអំឡុងពេលប្រកួតម្តងៗទាំងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់ថ្នាក់ជាតិជាដើម។

ទាក់ទងនឹងការលើករបស់មតិសាធារណៈជនបែបនេះ គ្រូបង្វឹកជនជាតិអៀរឡង់ បានទម្លាយហេតុផលយ៉ាងដូច្នេះថា”ខ្ញុំមិនធ្វើតាមក្លិបផ្សេងៗទេ ខ្ញុំធ្វើតាមអ្វីដែលខ្ញុំជឿជាក់ថាល្អ សម្រាប់ព្រះខ័នរាជស្វាយរៀង យើងមិនចង់ផ្លាស់ប្តូរ ព្រោះយើងរីករាយនឹងចំនួនកីឡាករទាំង ២៧រូបរបស់យើង។ ដូច្នោះយើងមិនផ្លាស់ប្តូរទេពេលយើងរីករាយនូវអ្វីដែលយើងមាន“។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការ របស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC។

ជាការពិតណាស់ ការផ្លាស់ប្តូរកីឡាករច្រើននៅក្នុងពេលប្រកួតម្តងៗ ពេលខ្លះទម្រង់លេងមានការប្រែប្រួល ហើយអាចនឹងបាត់បង់ស្មារតីពេលវាយលុកលើគូរប្រកួតក៏អាចថាបាន ដែលនេះអាចជាយុទ្ធសាស្ត្ររបស់អ្នកដឹកនាំម្នាក់ៗ ក្នុងការដឹកនាំក្រុម។

សូមជម្រាបថា មកដល់ពេលនេះ ក្លិបព្រះខ័នរាជស្វាយរៀងមិនទាន់ស្គាល់រសជាតិចាញ់នៅឡើយទេ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា សរុបចំនួន ១៤សប្តាហ៍កន្លងមកនេះ៕ ដោយ៖ស្រ៊ីប ឡានី