• Cambodia Peace Channel

អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal និងកីឡាករឆ្នើមរបស់ក្រុម Juventus និង​ Chelsea ឆ្លងវីរុសកូវីដ-១៩

ក្រុងឡង់ដ៍៖អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានធ្វើតេស្តិ៍វិជ្ជមានរកឃើញផ្ទុកវីរុសរលាកសួតប្រភេទថ្មីកូវីដ-១៩នេះ ដែលជំរុញអោយក្របខ័ណ្ឌ Premier League ប្រកាសថា ពួកគេនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីការប្រកួតនាពេលអនាគត។

ភ្លាមៗក្រោយពីប្រកាសថាអ្នកចាត់ការក្រុមរបស់ខ្លួនឆ្លងវីរុស ក្រុម Arsenal បានបិទកន្លែងហ្វឹកហាត់របស់ពួកគេ ដោយកីឡាកររបស់ក្រុមកាំភ្លើងធំ និងបុគ្គលិកក្លិបដែលមានទំនាក់ទំនងជាមួយគ្រូបង្វឹកសញ្ជាតិអេស្បាញពេលនេះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រុម Arsenal បានអោយដឹងថា៖ “ដំណឹងនេះពិតជាគួរឱ្យខកចិត្តណាស់សម្រាប់ក្លិប និងអ្នកគាំទ្រផ្ទាល់”។

Arsenal បានបញ្ជាក់ពីព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលនេះប៉ុន្មាននាទីបន្ទាប់ពីក្របខ័ណ្ឌ Premier League បាននិយាយថារាល់ការប្រកួតទាំងអស់នឹងឈានទៅមុខនៅចុងសប្តាហ៍នេះទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតពិភពលោកក៏ដោយ។

នៅអង់គ្លេសដដែល តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Callum Hudson-Odoi បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ-១៩ ផងដែរ ដែលនាំអោយក្រុមតោខៀវធ្វើការបិទផ្នែកខ្លះនៃកន្លែងហ្វឹកហាត់របស់ពួកគេ។ កីឡាករ Hudson-Odoi វ័យ ១៩ ឆ្នាំគឺជាកីឡាករដំបូងគេនៅ Premier League ដែលត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសនេះ។

ដោយឡែក មិត្តរួមក្រុមកីឡាករ Cristiano Ronaldo និងជាកីឡារខ្សែរបម្រើប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus ក៏បានធ្វើតេស្តរកឃើញវីរុសកូវីដ-១៩ នេះផងដែរ បន្ទាប់ពីមិត្តរួមគេម្នាក់ទៀតរបស់គេបានរកឃើញឆ្លងវីរុសនេះដំបូងគេ។

គួរជម្រាបថា វីរុសកូវីដ-១៩ បានបង្ខំឱ្យមានការបិទការប្រកួតលីគបាល់ទាត់នៅអេស្បាញ អ៊ីតាលី និងបារាំង ដោយសារតែវីរុសមួយនេះកំពុងវាយប្រហារយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់។