• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកទ្រព្យសម្បត្តិ បណ្តាលឲ្យជនរងគ្រោះរងរបួស

ភ្នំពេញ៖កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកទ្រព្យសម្បត្តិ និងបណ្តាលឲ្យរងរបួស) ក្នុងភូមិសាស្រ្តរាជធានី/ខេត្ត ជាច្រើនលើកកន្លងមក នាពេលរាត្រី ពោលគឺកាលពីថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ០៤: ០០ នាទីមានករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើកាំបិតកាប់ទៅលើបុរសជនជាតិកូរ៉េ  ឲ្យរងរបួសត្រង់ចំណុច ថ្ពាល់ខាងឆ្វេង ដោយបានយកប្រាក់មួយចំនួន1300$ និង ទូរស័ព្ទចំនួន០១ ម៉ាក IPhone 13Promax។

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន,អគ្គស្នងការរងទទួលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជ្រាវភ្លាមៗ។ ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយប្រើវិធានការជំនាញ​ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​។

លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការដោយឃាត់ខ្លួនបាន ត្រង់ចំណុច ផ្លូវបេតុង​ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន ៧នាក់ ដូចខាងក្រោម ៖​១.​ ឈ្មោះ ពេញ​ សុភណ្ឌ​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​២.​ ឈ្មោះ​ ណុប​ ដាវីត​ ភេទប្រុស​ អាយុ​ ១៥ឆ្នាំ៣.​ ឈ្មោះ​ ផល​ សម្ភស់​ ភេទប្រុស​ អាយុ​ ១៥ឆ្នាំ​៤.​ ឈ្មោះ​ សុខ​ ធា​សុភា​ ភេទប្រុស​ អាយុ​ ១៥ឆ្នាំ ៥.​ ឈ្មោះ​ ហាក់​ ម៉េងឈី​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ៦.​ ឈ្មោះ​ សម្បត្តិ​ សន្យា​ ភេទប្រុស​ អាយុ​ ១៥ឆ្នាំ​ ៧.​ ឈ្មោះ​ អាន​ ដេវីត​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ ជនជាតិខ្មែរ ។

បន្ទាប់ពីបានធ្វើការសាកសួរបឋមជនសង្ស័យ​ទាំង​ ៧នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្លនទៅលើជនជាតិកូរ៉េ​បណ្តាលឲ្យរងរបួស កាលពីថ្ងៃទី១០​ ខែកុម្ភ:​ ឆ្នាំ២០២៤​  ប្រាកដមែន ។

បច្ចុប្បន្ននាយយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ជនសង្ស័យខាងលើឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕