• Cambodia Peace Channel

វិស័យកសិកម្មកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០១៨-២០១៩

ភ្នំពេញ៖តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និងនេសាទ បង្ហាញ​ថា​ វិស័យកសិកម្មឆ្នាំ ២០១៨-២០១៩ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ រួមទាំងផលិតផលស្រូវ ដំណាំរួមផ្សំនឹងដំណាំឧស្សាហកម្ម ផលិតកម្មកៅស៊ូ ផលិតកម្មសត្វ និងវារីវប្បកម្ម មានការកើនឡើងបើធៀបនឹងឆ្នាំមុន។

សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ បានលើកឡើងថាឆ្នាំ២០១៨-២០១៩ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ផលិតផលស្រូវ សរុបសម្រេច បានក្នុងបរិមាណ ១០,៨៧ លានតោន កើនលើសឆ្នាំមុនប្រមាណ ៣,៣៧% និងស្រូវមានចំនួនជាង ៥,៨ លានតោន ឬ គិតជា អង្ករស្មើនឹងជាង ៣,៧ លានតោន ។

ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗទៀតសម្រចបាន ១៦,៧ លានតោន កើនលើសឆ្នាំមុន ប្រមាណ ២% ជាពិសេសផលិតកម្មកៅស៊ូមានកំណើនរហូតដល់ ១៤% ផលិតកម្មសត្វ ៣,៤% និងវារីវប្បកម្មកើនប្រមាណ ២២,៤% ធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះសម្តេចតេជានាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គសន្និបាតរបស់ក្រសួងកសិកម្ម ដែលបានធ្វើឡើងអស់រយៈពេល២ថ្ងៃកន្លងមកនេះ ជាពិសេសថ្លែងអំណរគុណចំពោះស្ថានប័នពាក់ព័ន្ធ និងប្រជាកសិករទាំងអស់ដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានការីកចម្រើន៕

ដោយ៖ លី ស៊ូម៉ា