• Cambodia Peace Channel

កំពូលកីឡាករបាល់ទាត់ផ្ញើសារលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យក្នុងការយកចិត្តដាក់ព្យាបាលអ្នកផ្ទុកវីរុសកូរ៉ូណា ខណៈវីរុសនេះកំពុងបន្តការរាលដាលយ៉ាងខ្លាំងក្លា

អ៊ីតាលី៖ខណៈដែលជំងឺរលាកសួតប្រភេទថ្មី បាននឹងកំពុងរីករាលដាលនៅទូទាំងសកលលោក ហើយក្លិបបាល់ទាត់នៅអឺរ៉ុបមួយចំនួនធំបានសម្រេចផ្អាកការប្រកួតជាបន្តបន្ទាប់ ក្រោយខ្សែការពារក្រុមសេះបង្កង់ JUVENTUS កីឡាករ Daniele Rugani បានឆ្លង​​វីរុស​ Covid-19 រួច​មក​​​កំពូល​កីឡាករ​បាល់​​ទាត់​​ឆ្នើម​ Cristiano Ronaldo ​ផ្ញើសារ​ដ៏​ក្ដុក​ក្ដួល​​ទៅកាន់​ប្រជាជន​ជុំវិញ​ពិភព​លោក​ឲ្យ​ធ្វើ​​តាម​ការ​ណែនាំ​របស់​អង្គការ​សុខ​ភាព​ពិភពលោក​ ចៀសវាង​ការ​ឆ្លង​ជំងឺ​ Covid-19។

Cristiano Ronaldo សរសេរនៅបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនម្សិលមិញនេះថា “ពិភពលោកកំពុងឆ្លងកាត់គ្រាដ៏លំបាក​ដែលទាម​ទារការយកចិត្តទុកដាក់ខ្ពស់​បំផុត​ពីយើងទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់អ្នក​នៅថ្ងៃនេះ​ មិនមែនក្នុងនាមជាកីឡាករបាល់ទាត់ទេ ប៉ុន្តែក្នុងនាមជាកូនប្រុស ជាឪពុក ជាមនុស្សជាតិ​ដែលមានការព្រួយបារម្ភជាមួយ​នឹងការ​វិវត្តន៍​ចុងក្រោយដែលកំពុងជះឥទ្ធិ​ពលដល់ពិភព​លោក​ទាំងមូល”

កំពូលខ្សែប្រយុទ្ធរូបនេះបន្តថា វា​ពិត​ជា​សំខាន់ណាស់ដែលយើង​ទាំងអស់គ្នាអនុវត្តតាមវិធានការ​របស់អង្គការ​សុខភាពពិភព​​លោក (WHO) និងអង្គភាពនានា​ស្តីអំពីវិធីដែលយើងអាច​គ្រប់គ្រងស្ថានការណ៍​សម្រាប់​បច្ចុប្បន្នភាពនេះ។ ការពារអាយុជីវិត​មនុស្សត្រូវ​តែ​ជាចំណុចដំបូងបង្អស់ដែលយើងគ្រប់គ្នាគួរគិតគូរ។

ខ្ញុំចង់ផ្ញើទៅកាន់មនុស្សគ្រប់គ្នាដែលបានបាត់បង់នរណាម្នាក់ដែលជិតស្និទ្ធ សាមគ្គីភាពរបស់ខ្ញុំចំពោះអ្នកដែលកំពុងប្រយុទ្ធជាមួយវីរុសនេះ ដូចជាមិត្តរួមក្រុមរបស់ខ្ញុំ Daniele Rugani នឹងបន្តការគាំទ្រដល់អ្នកជំនាញសុខភាព ដែសុខចិត្តដាក់ជីវិតរបស់ពួកគេប្រឈមនឹងហានិភ័យដើម្បីជួយសង្រ្គោះអ្នកដទៃ។

ជាមួយគ្នានោះដែរ ខ្សែបម្រើប្រយុទ្ធកាំភ្លើង Arsenal កីឡាករ Mesut Ozil សរសេរសារតាមTwitter ថា “ក្នុងគ្រាដែលពួកយើងជួបប្រទះនូវបញ្ហាជាសកលបែបនេះ យើងមិនគួរភ្លេចអរគុណដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នកវិទ្យាសាស្រ្ត និងផ្នែកផ្សេងៗទៀត ដែលបានខិតខំស្វះស្វែងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺឆ្លងមួយនេះដើម្បីពួកយើងឡើយ។ កីឡាកររូបនេះបន្តថា ពួកគាត់មានសម្ពាធខ្លាំងណាស់នៅប៉ុន្មានសប្តាហ៍មកនេះ ហើយពួកគាត់ពិតជាសាកសមទទួលបានក្តីគោរព និងកាដឹងគុណពីពួកយើងគ្រប់ៗរូប”

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះ មានអ្នកផ្ទុកវីរុសកូរ៉ូណា ឬ កូវីដ-១៩ ចំនួន ១៤៥,៨៧០នាក់ និងមានអ្នកមនុស្សស្លាប់ដោយសារវីរុសចំនួន ៥,៤៣៨នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៧២,៥៥១នាក់៕