• Cambodia Peace Channel

CPC-លោក ស៊ី ជីនពីង ជឿថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងនាំមកនូវជោគជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី រវាងកម្ពុជា-ចិន

រដ្ឋធានីប៉េកាំង៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។

នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង(Xi Jinping) បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងយ៉ាងស្និទ្ធស្នាលបំផុត ព្រមទាំងបានគូសបញ្ជាក់ថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ ហើយប្រជាជាតិទាំងពីរទទួលបាននូវផ្លែផ្កាមិនអាចកាត់ថ្លៃបាន ជារៀងរហូតមក។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងនូវការអបអរសាទរជូនចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយ ឯកឧត្តមប្រធានាធិបតី ជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ចំណងមិត្តភាព និងសាមគ្គីភាពរបស់ប្រទេសទាំងពីរ នឹងបន្តរីកលូតលាស់ ហើយកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមប្រធានាធិបតី ក៏បានឆ្លៀតយកឱកាសដ៏ប្រពៃនេះ ផ្តាំផ្ញើនូវការនឹករលឹក និងក្តីស្រឡាញ់ជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ, ដែលកន្លងមកបានពុះពារ និងជម្នះគ្រប់ឧបសគ្គ និងសម្ពាធខាងក្រៅគ្រប់យ៉ាង ដើម្បីរក្សា និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេស ពីសំណាក់ ឯកឧត្តមប្រធានាធិបតី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ។ សម្ដេចធិបតី បានពាំនាំនូវសេចកី្តនឹករលឹក និងការសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ជូនចំពោះមិត្តចាស់របស់ សម្ដេចតេជោ និងជាពិសេសជូនចំពោះ ឯកឧត្តមប្រធានាធិបតី។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះប្រទេស និងប្រជាជនចិន ដែលតែងយកចិត្តទុកដាក់ និងស្វាគមន៍យ៉ាងកក់ក្ដៅថ្វាយចំពោះការយាងដំណើរមកព្យាបាលព្រះរោគារបស់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរដ្ឋធានីប៉េកាំង។ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះកាយវិការដ៏ប្រពៃមិនអាចកាត់ថ្លៃបាននេះ ។

ជាកិច្ចបន្ទាប់, សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី បានពិភាក្សាអំពីការបន្តរក្សាគោលនយោបាយប្រកបដោយមេត្រីភាព រវាងប្រទេសទាំងពីរ។ ជាក់ស្តែង ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាពេលនេះ នឹងនាំមកនូវជោគជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី រវាងកម្ពុជា-ចិន។ ជាមួយគ្នានេះ សម្ដេចធិបតី បានជម្រាបជូន ឯកឧត្តមប្រធានាធិបតី អំពីជំហរគោលនយោបាយរបស់កម្ពុជាចំពោះចិន ជាពិសេស ការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោល-នយោបាយចិនមួយ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែង ដែលប្រជាជាតិទាំងពីរ កំពុងបានទទួលនូវផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងការអប់រំ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ជាការពិត គឺមិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ ដូចមានការគាំទ្ររបស់ចិន នៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាដើម។ ក្នុងន័យនេះ សម្ដេចធិបតី បានគូសរំលេចជូន ឯកឧត្តមប្រធានាធិបតី អំពីទិសដៅ និងវិស័យនៃកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា វិស័យថាមពល, សន្តិសុខស្បៀង, និងវិនិយោគជាដើម។ ជាក់ស្តែង សម្ដេចធិបតី បានស្នើភាគីចិនបន្ត  គាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា និងបានអរគុណចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាផងដែរ។ សម្ដេចធិបតី ក៏បានអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។