• Cambodia Peace Channel

CPC-បុរសម្នាក់បើករថយន្តមកចតនៅលើស្ពានកោះនរា ព្រមទាំងបន្សល់ទុកស្បែកជើងមួយគូរ រួចដើរចុះទៅក្រោមស្ពានបាត់ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តមកចត់ នៅលើស្ពានកោះនរា ព្រមទាំងបន្សល់ទុកស្បែកជើងមួយគូរ​ រួចដើរចុះទៅក្រោមស្ពានបាត់សង្ស័យជាករណីអត្តឃាត បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើស្ពានកោះនរា ចំកណ្តាលស្ពាន ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ស្លៀកពាក់អាវពណ៌បៃតង វ័យប្រមាណ៣០ឆ្នាំជាង មានកម្ពស់១,៧០ម៉ែត្រជាង គាត់បានឈរចុចទូរស័ព្ទកណ្តាលស្ពានកោះនរា ដោយផ្អែកបង្កាន់ដៃស្ពាន។

អ្នកឃើញហេតុការណ៍បានបន្តថា៖ គេបានឃើញរថយន្តស៊េរីទំនើប១គ្រឿង ពណ៌ខ្មៅ ម៉ាកអឹមជី(MG) ដែលមានស្លាកលេខភ្នំពេញ 2BS-8007 ចតចោលកណ្តាលស្ពានក្បែរបុរសខាងលើផងដែរ លុះដល់ម៉ោង១និង២០នាទីរំលងអធ្រាត្រ ថ្ងៃខែឆ្នាំដដែល ស្រាប់តែឃើញមានមនុស្សច្រើននាក់ ឈរចោមរោមក្បែររថយន្ត១គ្រឿងនោះ ដោយខ្លះកាន់បង្កាន់ដៃស្ពានរួចអើតមើលទៅទឹកទន្លេ ខ្លះទៀតក៏ឈប់មើល ស្រាប់តែឃើញស្បែកជើងចម្ពាម១គូ នៅកន្លែងបុរសដែលឈរនោះ ក៏សង្ស័យថាបុរសនោះលោតទឹកតែម្តង។

ក្រោយទទួលដំណឹងនេះភ្លាម សមត្ថកិច្ចប៉ុស្ត៍និរោធ និងសន្តិសុខប្រចាំកោះនរាបានទៅដល់ទីតាំងកើតហេតុ ព្រមទាំងបានអោយកម្លាំងចេញ ទូកល្បឿនលឿន ឬអូប័រ០៣គ្រឿង ទៅកាន់ក្រោមស្ពានដើម្បីស្វែងរក តែមិនឃើញមនុស្សនោះទេ។

រហូតដល់ម៉ោង៣ទៀបភ្លឺ សន្តិសុខដែលអង្គុយយាមក្បែរគល់ស្ពានកោះនរាបាន្យដឹងថា៖ ពេលមនុស្សទៅអស់ សមត្ថកិច្ច និងអ្នកសារព័តមានទៅបាត់អស់ គាត់បានឃើញបុរសរូបនោះដើរចេញពីក្រោមស្ពាន រួចក៏ត្រឡប់ទៅផ្ទះវិញជាមួយក្រុមគ្រួសារបាត់៕