• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សម្ដែងការព្រួយបារម្ភចំពោះសុវត្តិភាព បន្ទាប់ពីអំពើចោរកម្មកើតមានឡើងជាហូរហែ

ភ្នំពេញ៖ថ្មីៗកន្លងមកនេះ មហាជនជាពិសេសពលរដ្ឋដែល ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បានសម្ដែងការព្រួយបារម្ភចំពោះទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួនបន្ទាប់ពីអំពើចោរកម្មកើតមានជាហូរហែ ។

ជាក់ស្ដែងកាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ មានករណីបុរសម្នាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាពកាប់ប្លន់យកទូរសព្ទមួយគ្រឿងបានសម្រេច នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ បានរត់ចេញពីក្នុងដីឡូត៍មួយកន្លែងក្បែនិងស្ពានអាកាស៦០ម៉ែត្រដែលកំពុងតែសាងសង់ថ្មីទាំងសភាពឈាមស្រោចខ្លួន ពេលនោះដែរដោយពលរដ្ឋជិតខាងនាំគ្នាសួរទៅលើបុរសរងគ្រោះបាននិយាយថាមានជនសង្ស័យ មួយក្រុមប្រដាប់ដោយដាវបានវាយនិងកាប់ទៅលើរូបគាត់ហើយប្លន់យកទូរសព្ទពីរូបគាត់បានមួយគ្រឿង ក្រោយមកជនរងគ្រោះក៏បានដួលសន្លប់បាត់មាត់ឈឹងទាំងសភាពមានស្នាមរបួសលើក្បាល ត្រូវពលរដ្ឋនាំគ្នាទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកជនរងគ្តោះទៅសង្រ្គោះភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុពិនិត្យជុំវិញទីតាំងរួចក៏បានជិះម៉ូតូត្រឡប់ទៅវិញតែម្ដងទៅ ។

ដោយឡែកកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០ និង៣៥នាទីយប់មានករណីស្រដៀងគ្នានេះដែរពោលគឺ បុរសម្នាក់បានរងរបួសធ្ងន់ឈាមស្រោចពេញខ្លួន បន្ទាប់ពីត្រូវបានជនសង្ស័យធ្វើសកម្មភាពយកដុំថ្មគប់ប្លន់យកម៉ូតូបានសម្រេច ចំណុចដីឡូត៍មួយកន្លែង នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូ ហុងដាឌ្រីមសេ១២៥ ១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មិនចាំស្លាកលេខ ទៅហូបអីនៅម្តុំផ្លូវបេតុងមួយកន្លែង ដែលស្ថិតក្នុងមូលដ្ឋាន នៃសង្កាត់ចាក់អង្រែលើ បន្ទាប់ហូបរួច រូបខ្លួនបានបើកម៉ូតូត្រឡប់ទៅវិញតាមផ្លូវតូចមួយ លុះជិះដល់ចំណុចដីឡូត៍កើតហេតុ ស្រាប់តែត្រូវជនសង្ស័យមួយក្រុមកាន់ដុំថ្មគ្រប់ដៃនាំគ្នាគប់មកលើខ្លួន រហូតដួលរបួសក្បាល ព្រមទាំងបានលើកយកម៉ូតូនោះរត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់ទីតាំងកើតហេតុ ព្រមទាំងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចាក់អង្រែដើម្បីស្វែងរកក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ។

ជុំវិញករណីខាងលើនេះ ពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ជាពិសេសអ្នកដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បានសំណូមពរទៅដល់លោក អ៊ុក បូនិន អធិការនគរបាលខណ្ឌមានជ័យ មេត្តាមានវិធានការទៅលើបញ្ហានេះផងដែរ  ៕