• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ស្លាបមាន់ខូចគុណភាពជាង២តោន ត្រូវនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញបង្ក្រាប និងដុតកម្ទេចចោល

ភ្នំពេញ៖កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ ធ្វើការបង្ក្រាប ស្លាបមាន់ ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម យកទៅដុតកម្ទេចចោលដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុផែនការងារ និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ បានធ្វើបង្ក្រាបស្លាបមាន់ ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថាមន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្រ្កាបការនាំចូលស្លាបមាន់ ខូចគុណភាពទាំងនេះ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young ពណ៌លឿន ពាក់ផ្លាកលេខ ភ្នំពេញ 2AM-9042 មកពីប្រទេសវៀតណាម មកចែកចាយនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ បានយកទៅបំផ្លាញចោលតាមនីតិវិធី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ដោយឡែកកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នូវតែបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕