• Cambodia Peace Channel

អស្ចារ្យមែនយុវជនអាស៊ី ! Lionel Messi ជប៉ុន បានចុះកុងត្រាលេងឲ្យក្លិប Real Madrid

អេស្ប៉ាញ៖ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ជម្រើជាតិជប៉ុន កីឡាករ Takefusa Kubo ដែលមានរហស្សនាមថា Lionel Messi ជប៉ុននោះ ត្រូវបានក្លិបយក្សអេស្ប៉ាញអធិរាជស Real Madrid ចុះកុងត្រាទិញយកជាផ្លូវការហើយ។

បើតាមគេហទំព័រ Daily mail ចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ដោយដាក់ចំណងជើងថា “Real Madrid ចុះហត្ថលេខាយក Lionel Messi ជប៉ុន កីឡាករ Takefusa Kubo ដោយគេមានទេពកោសល្យដូចក្មេងប្រុសម្នាក់នៅ Barcelona” ។

ខ្សែបម្រើវ័យក្មេងអាស៊ីរូបនេះ ធ្លាប់ជាយុវជនបង្ហាត់នៅក្លិបអ្នកមានបុណ្យ FC Barcelona កាលពីឆ្នាំ២០១១ ដែលជាគូរប្រជែងយ៉ាងខ្លាំងក្លារបស់អធិរាជស Real Madrid។ ខ្សែបម្រើ Kubo បានជាប់ជម្រើសជាតិជប៉ុនឈុតធំជាដំបូង កាលពីខែមុន ក្នុងការបង្ហាញខ្លួននៅក្នុងពានរង្វាន់ Copa America នៅប្រទេសប្រេស៊ីល។

សូមជម្រាថា ក្លិបអធិរាជស បានចេញសេចក្តីថ្លែងការថា ក្លិបReal Madrid នឹងមានកីឡាករខ្សែបម្រើប្រយុទ្ធវ័យក្មេងដែលមានបច្ចេកទេសល្អ និងជំនាញបំផុត នឹងត្រូវចូលរួមជាមួយក្រុម Real Madrid នៅលីគលំដាប់ទី៣ អេស្ប៉ាញ នៅរដូវកាលថ្មីនេះ៕

ដោយ៖ស្រ៊ីប ឡានី