• Cambodia Peace Channel

ភ្នំសំពៅ ជារមណីដ្ឋានធម្មជាតិដែលកូនខ្មែរ មិនអាចមើលរំលងបាន !

បាត់ដំបង៖ភ្នំសំពៅ ជារមណីដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយនៅប្រទេសកម្ពុជា។ ភ្នំសំពៅ ស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ ក្នុងឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយភ្នំនេះមានចម្ងាយប្រមាណជា ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង។

ភ្នំសំពៅ មានកម្ពស់ ១០០ម៉ែត្រ និងកាំជណ្តើថ្មចំនួន ១០៣០កាំ ទៅដល់វត្តនៅលើភ្នំសំពៅនោះ គេនឹងឃើញមានទាំងផ្លូវបែកទៅល្អាងជាច្រើន ដែលមានភ្ញៀវទេសចរណ៍និយមដើរលេងកម្សាន្ត លំហែកាយពេលថ្ងៃចុងសប្តាហ៍ និងសម្រាកពីការងារជាដើម។

នៅលើខ្នងភ្នំសំពៅ មានតំបន់កម្សាន្តបីសំខាន់ៗ ដែលញាំងឲ្យដំណើរកម្សាន្តនោះមានភាពស្រស់ស្រាយ តំបន់កម្សាន្តទាំងនោះមានដូចជា កំពូលភ្នំមានព្រះវិហារ ឬប្រាង្គ ល្អាងផ្កាស្លា និងគិរីរម្យ។ ប្រាង្គ ជាកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យសាសនា ហើយអ្នកទេសចរណ៍អាចមើលឃើញទេសភាព នៃវាលស្រែដ៏ធំល្វឹងល្វើយនៅពីលើខ្នងភ្នំយ៉ាងស្រស់ស្អាត។

ដោយឡែកល្អាងផ្កាស្លាវិញ ជាអាស្រមរបស់ព្រះសង្ឃ ដូនជី តាជី ហើយនៅល្អាងផ្កាស្លា មានល្អាងជាច្រើនក្នុងនោះមានដូចជា ល្អាងផ្កាស្លាង ល្អាងខ្យល់ ល្អាងត្រជាក់ដែលមានអាកាសធាតុត្រជាក់ចេញពីខាងក្នុងល្អាង និងមានរូបផ្កាស្លាអំពីថ្មតំណាងគ្រឿងបណ្ណាការជាដើម។

ជាមួយគ្នានោះដែរតំបន់កម្សាន្តគីរិរម្យ នៅលើខ្នងភ្នំសំពៅ បច្ចុប្បន្នមានវត្តមួយ និងមានល្អាងសំខាន់ៗចំនួន ២គឺ ល្អាងតែងខ្លួន និងល្អាងល្ខោន។ ល្អាងទាំង ២នេះ កាលពីសម័យខ្មែរក្រហម ជាកន្លែងសម្លាប់មនុស្ស ហើយគ្រោងឆ្អឹងមនុស្ស និងសម្លៀកបំពាក់ជាច្រើន ត្រូវបានគេរៀបចំដាក់ក្នុងទ្រុងសំណាងយ៉ាងត្រឹមត្រូវ។

សូមជម្រាបថា នៅក្បែរភ្នំសំពៅ មានបណ្តុំភ្នំសំខាន់ៗមួយចំនួនទៀត ដែលទាក់ទងនឹងរឿងព្រេងខ្មែរជាច្រើន រួមមានរឿងរាជកុលនាងរំសាយសក់ មានភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម ដែលសុទ្ធសឹងតែជារមណីយដ្ឋានធម្មជាតិ៕ ដោយ៖ស្រ៊ីប ឡានី