• Cambodia Peace Channel

CPC-កីឡាករ បាល់បោះ ថៃបង្ហាញអាកប្បកិរិយាមិនសមរម្យ ក្រោយចាញ់ក្រុមជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ក្រុមបាល់បោះថៃត្រូវហាលអាវ ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះហើយ ក្រោយចាញ់ក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល៧៦-៦៦ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ដែលធ្វើឲ្យកីឡាករថៃម្នាក់ហាក់មិនពេញចិត្ត រហូតបង្ហាញអាកប្បកិរិយាមិនសមរម្យក្រោយចប់ការប្រកួត។

អាកប្បកិរិយាមិនសមរម្យនេះ ធ្វើឡើងដោយកីឡាករថៃម្នាក់ពាក់អាវលេខ ០ Antonio Price ដោយបានក្រវែងរបស់របរដែលនៅលើតុគណៈកម្មការចោល រហូតធ្វើឲ្យគណៈកម្មការខឹងស្ទុះក្រោកឈរសួរនាំ។

ឥរិយាបទបែបនេះ ត្រូវបានមហាជនបានលើកឡើងថា ជាទង្វើដ៏អសីលធម៌បំផុត ក្នុងមានជាកីឡាករតំណាងឲ្យប្រទេសមួយ និងជាទង្វើមិនអោយតម្លៃដល់ម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។

សូមជម្រាបថា បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ៥ទល់៥ រវាងក្រុមជម្រើសជាតិកម្ពុជា និងថៃក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិថៃ ហើយនឹងត្រៀមប៉ះជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះផងដែរ៕