• Cambodia Peace Channel

CPC-រថយន្តស៊េរីទំនើបមួយគ្រឿង បើកចុះពីលើស្ពានមិនប្រយ័ត្នជ្រុលចង្កូតទៅបុករះដើមឈើ និងបង្គោលភ្លើងរងការខូចខាត

ភ្នំពេញ៖ រថយន្តស៊េរីទំនើប BMW បោះពួយក្នុងល្បឿនលឿនចុះពីស្ពានកោះនរា មិនប្រយ័ត្នរេចង្កូតបុករះដើមឈើ និងបង្គោលភ្លើង បង្កការខូចខាតហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងនិង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងតំបន់កោះនរា សង្កាត់និរោធ  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសន្តិសុខនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គាត់បានឃើញរថយន្ត BMW ពណ៌ស១គ្រឿង ដែលមានស្លាកលេខភ្នំពេញ 2BP-0037 បើកបរចុះពីលើស្ពានខ្សែកាបកោះនរា ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ ចម្ងាយប្រមាណ១គីឡូពីស្ពានកោះនរា រថយន្តខាងលើស្រាប់តែរេចង្កូតទៅឆ្វេង បណ្តាលឲ្យបុកឡើងខឿនសួនច្បារផ្លូវថ្មើរជើង រួចបន្តបុករះដើមឈើចំនួន២ដើម និងបង្គោលភ្លើងបំភ្លឺផ្លូវ១ដើមថែមទៀត។

សន្តិសុខប្រចាំតំបន់កោះនរាបានឲ្យដឹងទៀតថា៖ ម្ចាស់រថយន្តបង្កខាងលើ ជាជនបរទេស ភេទប្រុស សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង។ ចំណែករថយន្តបន្ទាប់ពីបុករួច ត្រូវបានរងការខូចខាតមួយកំណាត់មុខ ព្រមទាំងផ្ទុះពោងការពារសុវត្ដិភាព និងបែកកញ្ចក់មុខផងដែរ។

បន្ទាប់មកសន្តិសុខតំបន់កោះនរា បាននាំខ្លួនម្ចាស់រថយន្តទៅកាន់ការិយាល័យតំបន់នោះជាបណ្តោះអាសន្ន បន្ទាប់ពីម្ចាស់រថយន្តគ្រប់គ្រងស្មារតីខ្លួនឯងមិនបាន។

ក្រោយកើតហេតុ គេឃើញវត្តមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុ ព្រមទាំងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ដើម្បីចុះមកទីតាំងកើតហេតុ ធ្វើការវាស់វែង ព្រមទាំងយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគេបាលខណ្ឌច្បារអំពៅ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕