• Cambodia Peace Channel

CPC-លួចរថយន្តពីបុរីសន្តិភាព២ បែជាមកជាប់អន្ទាក់នគរបាលខណ្ឌជ្រោយចង្វា

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលបានលួចរថយន្តមួយ គ្រឿងចេញពីបុរីសន្តិភាព២ បន្ទាប់ពីបើកចូលគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោងនិង១០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ទីតាំងកើតហេតុ ស្ថិតនៅក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយឡែករថយន្តដែលត្រូវចោរលួច មានម៉ាក តូយូតាកាមរី ( ឆ្លាម ) ពណ៌ស្ករ ដែលមានស្លាកលេខ ភ្នំពេញ 2L-8029 បានបើករត់គេចបាត់ពីបុរីសន្តិភាព២។

យោតាមប្រភពព័ត៌មានពីប្តីប្រពន្ធម្ចាស់រយន្តបានឲ្យដឹងថា៖ មុនពេលកើតហេតុ គាត់ពីរនាក់ប្តីប្រពន្ធបានចេញពីញាំការ បន្ទាប់មកក៏ត្រលប់មកផ្ទះវិញក្នុងបុរីសន្តិភាព២ ខណៈមកដល់ផ្ទះវិញ គាត់បានឈប់រថយន្តមុខផ្ទះ ដោយមិនបានពន្លត់ម៉ាស៉ីនរថយន្តនោះទេ គោលបំណងចាក់សោរទ្វារផ្ទះរួចបើករថយន្តចូលផ្ទះ។

ស្ត្រីជាប្រពន្ធម្ចាស់រថយន្តបានបន្តថា៖ បន្ទាប់ពីខ្លួននិងប្តីចុះពីរថយន្ត ប្តីរបស់គាត់បានដើរទៅចាក់សោរទ្វារផ្ទះ ចំណែកគាត់ក៏បានទាញកៅអីអង្គុយក្បែររថយន្ត ដោយមិនបានចាប់អារម្មណ៍រថយន្តនោះទេ។ ភ្លាមៗនោះស្រាប់តែលឺសម្លេងបិទទ្វាររថយន្ត គាត់ក៏បានងាកមើល ស្រាប់តែឃើញជនសង្ស័យនៅក្នុងរថយន្តទៅវិញ មិនដឹងថាមកតាំងពីពេលណា ឃើញដូចនេះគាត់ក៏ស្ទុះទៅពាំងពីមុខនិងតោងរថយន្តជាប់ តែត្រូវជនសង្ស័យនោះជាន់បន្ថែមល្បឿនយកតែម្តង ទើបបណ្តាលឲ្យគាត់ធ្លាក់ពីរថយន្ត ដួលអូសថ្នល់របួសស្រាល។

ក្រោយពេលជនសង្ស័យបើករថយន្តគេចខ្លួន អ្នកភូមិបានទាញម៉ូតូដេញតាម ចំណែកប្តីប្រពន្ធរងគ្រោះទាំង២បាននាំគ្នាស្រែកអោយគេជួយ ដំណឹងនេះក៏បានលឺដល់សម្ថកិច្ច។  ចំពោះការលួចរថយន្ត១នេះ សមត្ថកិច្ចគ្រប់១៤ខណ្ឌ បានដាក់កម្លាំងចេញល្បាត និងត្រួតពិនិត្យគ្រប់គោលដៅផងដែរ។

លុះមកដល់ម៉ោង១០និង១០នាទីយប់ ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានបើកបររថយន្តខាងលើ ដែលមានស្លាកលេខភ្នំពេញ2L-8029 នេះចូលគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ របស់សមត្ថិច្ច នៅមុខវិទ្យាល័យជាស៊ីមជ្រោយចង្វារ ទើបត្រូវសមត្ថកិច្ចកំណត់មុខសញ្ញានិងស្លាកលេខឃើញថាដូចគ្នា ក៏ឃាត់ខ្លួនជនសង្ស័យតែម្តង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើយកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចប្រគល់ជូនប្តីប្រពន្ធជនរងគ្រោះទាំង២វិញ ៕