• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-រដ្ឋមន្ត្រីការងារ បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ Prince Horology ដែលបានបណ្តុះបណ្តាលជំនាញផលិតនាឡិកាដៃដល់ពលរដ្ឋខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនា និងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិកាដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ អ្នកជំនាញរបស់មជ្ឈមណ្ឌល បានពន្យល់ឯកឧត្តមរដ្ឋមន្ត្រីពីដំណាក់កាលនីមួយៗនៃការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាម និងបុគ្គលិកខ្មែរដែលកំពុងហាត់ការ និងបម្រើការងារក្នុងមជ្ឈមណ្ឌលផ្ទាល់។
តាមគោលការណ៍ មជ្ឈមណ្ឌលបានផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាមរយៈពេល២ឆ្នាំដោយភ្ជាប់នឹងប្រាក់ឧបត្ថម្ភផងដែរ ដើម្បីឱ្យសិក្ខាកាមអាចក្រេបជញ្ជក់ដើម្បីទទួលបានអាជីពដ៏កម្រនេះ ព្រោះថាថ្វីត្បិតតែមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញចេញពីការផលិតក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលបាននាំចូលបច្ចេកវិទ្យាស្តង់ដានៃប្រទេសស្វីសតាមរយៈអ្នកជំនាញរបស់ស្វីសមកបណ្តុះបណ្តាលផ្ទាល់។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ Prince Horology ដែលបានបណ្តុះបណ្តាលជំនាញពិសេសនេះដល់ពលរដ្ឋខ្មែរ។
សូមរំលឹកថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horology នេះហើយដែលបានផលិតនាឡិកាជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន និងពិភពលោកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ កាលពីឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕