• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលឃាត់ខ្លួនជនសង្ស័យបីនាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ព្រមទាំងរឹបអូសថ្នាំញៀនជិត ១គីឡូក្រាម

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រូលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបនៅចំណុចមុខវត្តសំរិទ្ធមានជ័យ មហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងពន្លាតដែនដីក្រោមការដឹកនាំសម្របសម្រូលដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការបង្ក្រាបនៅចំណុចមុខសហាងចំប៉ីខ្មែរ ម៉ាស្សា និងស្ប៉ា ផ្លូវមិត្តភាព ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនល្មើស ទាំង៣នាក់៖ ១. ឈ្មោះ សុខ សុធី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨៩, ២. ឈ្មោះ អ៊ុំ បូរ៉ា ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩៩ និង៣. ឈ្មោះ ម៉ែន​ សំណាង ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨៨។ ចំណែកគ្រឿងញៀនរឹបអូសបាន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៩៩៦.៣៧ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕