• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលណាដែលផលិត ចែកចាយ លក់ ឬផ្សព្វផ្សាយ ឡេលាយគ្មានបទដ្ឋានបច្ចេកទេស បណ្តាលឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ភ្នំពេញ៖ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្ននេះ មានបុគ្គលមួយចំនួនគ្មានជំនាញ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលបាននិងកំពុងផលិត និងផ្សព្វផ្សាយលក់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស តាមបណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook, TikTok, Telegram យ៉ាងអនាធិបតេយ្យ។

ក្រសួងសុខាភិបាលសូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងអស់មានកាតព្វកិច្ចអនុវត្តតាមមគ្គុទេសក៍គ្រឿងសម្អាងអាស៊ាន (ASEAN Cosmetic Directive) ក្នុងការចុះប្រវេទន៍ផលិតផលគ្រឿងសម្អាង ដែលតម្រូវឱ្យផលិតផលគ្រឿងសម្អាងទាំងអស់ផលិតឡើងដោយមានរូបមន្តច្បាស់លាស់ និងត្រូវធ្វើតេស្តបញ្ជាក់ការប្រើប្រាស់លើស្បែក ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ មុននឹងដាក់លក់នៅលើទីផ្សារ។ បន្ថែមពីនេះ រូបមន្តផលិតផលគ្រឿងសម្អាងមិនត្រូវដាក់សារធាតុគីមីហាមឃាត់ ដូចជាបារត(Mercury) អ៊ីដ្រូគីណូន (Hydroquinone) ឱសថអង់ទីប៊ីយ៉ូទិក ដូចជា Chloramphenicol, Lincomycin… ឱសថប្រឆាំងនឹងមេរោគផ្សិត ដូចជា Ketoconazole, Clotrimazole… ឱសថប្រឆាំងនឹងការរលាក ដូចជា Aspirin,Dexamethasone, Betamethasone… ហើយសារធាតុគីមីមួយចំនួនទៀត ត្រូវប្រើប្រាស់មានកម្រិតកំណត់ ដូចជាTranexamic Acid, អាល់កុល មេតាណុល…។

ផលប៉ះពាល់នៃការប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេសមានជាអាទិ៍ មហារីកស្បែក ជំងឺសើស្បែកឡើងស្នាមប្រេះលើស្បែក អាឡែស៊ីស្បែក ភាពស៊ាំនឹងឱសថអង់ទីប៊ីយ៉ូទិក និងមេរោគផ្សិត។ល។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាល។

ដូច្នេះ មុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមប្រជាពលរដ្ឋពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវ គឺមាន ២ផ្នែក ១-ផ្នែកខាងលើមានឈ្មោះ
គ្រឹះស្ថានអាហរ័ណ នីហរ័ណ និង ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់មកជាមួយ។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ សូមសាធារណជនទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស
ព្រោះផលិតផលទាំងនោះពុំអាចធានាបាននូវគុណភាព សុវត្ថិភាព និងអនាម័យ ស្របតាមបទដ្ឋានបច្ចេកទេសឡើយ។

ក្រសួងសុខាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលណាដែលផលិត ចែកចាយ លក់ឬផ្សព្វផ្សាយ ឡេលាយគ្មានបទដ្ឋានបច្ចេកទេស ដែលបណ្តាលឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ក្នុងរយៈពេលចំពោះមុខ និងអនាគត ៕