• Cambodia Peace Channel

ចិនបានឈរជួរមុខ មានមហាសេដ្ឋីដែលគ្រប់គ្រង ៥៨% នៃអចលនទ្រព្យនៅលើសកលលោក

ចិន៖ប្រទេសចិនជាប្រទេសមហាសេដ្ឋកិច្ចទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ។ ប៉ុន្តែអ្នកវិនិយោគចិនបានឈរនៅតំណែងកំពូលជួរមុខ ដែលមានមហាសេដ្ឋីអចលនទ្រព្យ មានទ្រព្យសម្បត្តិដ៏ច្រើនជាងគេបំផុត។

ក្នុងចំណោមមហាសេដ្ឋីអចលនទ្រព្យសរុប២៣៩នាក់ មាន១៣៩នាក់ហើយ ដែលជាមហាសេដ្ឋីចិន ពោលគឺប្រទេសចិនបានគ្រប់គ្រង ៥៨% នៃអចលនទ្រព្យនៅលើសកលលោក។

បើតាមរបាយការណ៍របស់ Hurun Global Real Estate Rich List ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា អ្នកវិនិយោគចិនបានឈរនៅតំណែងកំពូលទាំង៤ ដែលមានមហាសេដ្ឋីអចលនទ្រព្យ មានទ្រព្យសម្បត្តិមហាសាល ច្រើនជាងគេបំផុតមានដូចតទៅ៖

លោកស៊ូ ជៀយីន (Xu Jiayin) នៃក្រុមហ៊ុន Evergrande Group ដែលមានមូលដ្ឋាននៅ Shenzhen ជាប់ចំណាត់ថ្នាក់លេខ១ដោយមានទ្រព្យសម្បត្តិសរុប ៣៧ ប៊ីលានដុល្លារ។

លេខ២គឺលោក លី ខាស៊ីង (Li Ka-shing) នៃក្រុមហ៊ុន Cheung Kong Holdings របស់ហុងកុង មានទ្រព្យសរុប ២៩ ប៊ីលានដុល្លារ។

ចំណាត់ថ្នាក់លេខ ៣ បានទៅលោក លី សាវឃី (Lee Shau Kee) នៃក្រុមហ៊ុន Henderson Development មានមូលដ្ឋាននៅទីក្រុងហុងកុងដែលមានទឹកប្រាក់ ២៧ ប៊ីលានដុល្លារ។

ទី៤ គឺអ្នកស្រី យ៉ាង ហ៊ុយយ៉ាន (Yang Huiyan) នៃក្រុមហ៊ុន Garden Country មានទឹកប្រាក់ ២៣ ប៊ីលានដុល្លារ ហើយអ្នកស្រីគឺជាស្ត្រីតែម្នាក់គត់ដែលស្ថិតនៅក្នុងបញ្ជីមហាសេដ្ឋីអចលនទ្រព្យលំដាប់កំពូលទាំង១០៕

ដោយ​៖លី​ ស៊ូម៉ា​