• Cambodia Peace Channel

ទីប្រឹក្សា​WHO ៖ រាល់ការប្រមូលផ្តុំមនុស្សច្រើន និងប្រកួតបាល់ទាត់អាចនឹងប្រក្រតីឡើងវិញនៅចុងឆ្នាំ២០២១​

អង់គ្លេស៖ស្របពេលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬ ជំងឺកូវីដ១៩ បាននិងកំពុងបន្តការរាតត្បាតយ៉ាងខ្លាំងនៅទូទាំងសកលលោក ធ្វើអោយវិស័យបាល់ទាត់នៅលើសកលលោកបានបិទរាល់ការប្រកួតទាំងអស់ ក្នុងចេតនាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

លោក​ Zeke Emanuel ប្រធាន​នាយកដ្ឋាន​ក្រម​សីលធម៌​វេជ្ជសាស្ត្រ​ និង​គោលនយោបាយ​សុខភាព​នៅ​សកលវិទ្យាល័យ​ Pennsylvania និង​ជា​ទីប្រឹក្សា​អង្គការ​សុខភាព​ពិភពលោក​ ​បង្ហាញជាការយល់ឃើញ​ថា​ រាល់ព្រឹត្តិការណ៍​ទាំង​អស់​ដែល​មានការប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​នឹងមិនអាចកើតមានឡើយនៅឆ្នាំនេះ រហូតនៅចុង​ឆ្នាំ​ ២០២១។

“ព្រឹត្តិការណ៍​ប្រកួត​កីឡា​នានា​ ការប្រគុំតន្ត្រី រួមទាំងកីឡាអូឡាំពិក ការប្រកួតបាល់ទាត់ Euro ២០២០ នឹងត្រូវពន្យាពេលដោយសារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩”។ នេះ​បើតាមការលើកឡើងរបស់ទីប្រឹក្សា​អង្គការ​សុខភាព​ពិភពលោក​។ លោកបន្តថា ខ្ញុំ​គិត​ថា​កម្មវិធី​ទាំង​អស់​ហ្នឹង​ អាចនឹងនឹង​ត្រលប់​មក​វិញ​ជាប្រក្រតីវិញ​ បើ​តាម​មើល​​នៅ​ចុង​ឆ្នាំ ២០២១ ឯណោះ​។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមេសា នេះ ពិភពលោកបានរកឃើញមានអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ២,០៨៣,៣១៥ករណី មានអ្នកស្លាប់ចំនួន ១៣៤,៦១៦ករណី និងមានអ្នកព្យាបាលជាសះស្បើយចំនួន ៥១០,៣៥០ករណីផងដែរ៕