• Cambodia Peace Channel

CPC-តើសកម្មភាពដ៏ហិង្សា និងអសីលធម៌របស់ក្រុមជម្រើសជាតិថៃ អាចជះឥទិ្ធពលអាក្រក់ដល់ការប្រកួតកីឡាស៊ីហ្គេមដែរឬទេ ខណៈដែលថៃគ្រោងធ្វើជាម្ចាស់ផ្ទះនៅអាណត្តិក្រោយ

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម វគ្គបាល់ទាត់ផ្នែកបុរសរវាងក្រុមជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី បានធ្វើឲ្យអ្នកទស្សនាជក់ចិត្តមែនទែន ខណៈជាវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ប៉ុន្តែគួរឲ្យសោកស្តាយ និងរន្ធត់នោះ គឺក្រុមជម្រើសជាតិថៃ បានផ្ទុះហិង្សាជាមួយឥណ្ឌូនេស៊ី បន្ទាប់ពីចាញ់ឥណ្ឌូនេស៊ី ក្នុងគ្រាប់ទី៣ នានាទី ៩០ បណ្តាលឲ្យមានការចលាចលពេញទីលានប្រកួត រហូតខាងកម្លាំងអាវុធហត្ថចុះឃាត់ភ្លាមៗផងដែរកាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

ប៉ុន្តែជាលទ្ធផល ក្រោយបញ្ចប់ការប្រកួត ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានយកឈ្នះក្រុមជម្រើសជាតិថៃក្នុងលទ្ធផល៥ ទល់នឹង ២ ដែលធ្វើឲ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ី រំភើបយ៉ាងខ្លាំង គេងអោបមេដៃមាស ខណៈលទ្ធផលនេះជាជោគជ័យជាប្រវត្តិសាស្ត្រ ដែលរង់ចាំ អស់រយៈពេល៣២ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ ១៩៩១មក។

ងាកទៅអ្នកចាញ់ការប្រកួតវិញ ក្រោយទទួលបានត្រឹមមេដាយប្រាក់ មានកីឡាករក្រុមជម្រើសជាតិថៃម្នាក់បានបោះមេដាយប្រាក់ និងតុក្កតាអនុស្សាវរីយ៍ចោលយ៉ាងអសីលធម៌ និងស្ទើតែមិនគួរឲ្យជឿថាកីឡាករថៃម្នាក់នេះអាចធ្វើបាន ក្នុងនាមជាកីឡាករតំណាងឲ្យប្រទេសមួយដែរ។

ក្រោយមានបាតុភាពជាច្រើន ដែលបង្កឡើងដោយកីឡាករក្រុមជម្រើសជាតិថៃ មហាជនបានចោទជាសំណួរថា សកម្មភាពរបស់ក្រុមជម្រើសជាតិថៃទាំងផ្នែកកីឡាបាល់បោះ និងបាល់ទាត់ ដែលបង្ហាញភាពអសីធម៌ និងហិង្សាបែបនេះ ពិសេសមិនសូវជាទទួលស្គាល់លទ្ធផលនៃការប្រកួតប៉ុន្មានទេ ពិសេសពេលខ្លួនប្រកួតចាញ់បែបនេះ តើអាចប៉ះពាល់ដល់កម្មវត្ថុនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែរឬទេ ខណៈប្រទេសថៃ ត្រូវធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើលទី៣៣ ឆ្នាំ២០២៥ខាងមុខនេះ។

សូមជម្រាបថា ការព្រមព្រៀងគ្នាបង្កើតអង្គការកីឡាស៊ីហ្គម ត្រូវបានព្រមព្រៀងបង្កើតឡើងក្នុងបំណងលើកស្ទួយព្រឹត្តិការណ៍កីឡាក្នុងតំបន់ និងរឹតចំណងមិត្តភាពនិងការយល់ដឹងពីគ្នារវាងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក លួងសុខុមណៃប្រាដិត ដែលពេលនោះជាអនុប្រធានគណកម្មការអូឡាំពិចថៃ៕