• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការរក្សាទុករូបភាព និងវីដេអូ ពេស្យាចារកុមារី អាយុក្រោម១៥ឆ្នាំ

ភ្នំពេញ÷ ឆ្លើយតបនឹងសេចក្តីរាយការណ៍ពីសេនានុព័ន្ធសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរមួយរូប ឈ្មោះ ស.ស.វ ភេទប្រុស អាយុ៤១ឆ្នាំ ពាក់ព័ន្ធនឹងការរក្សាទុករូបភាព និងវីដេអូ ពេស្យាចារកុមារី អាយុក្រោម១៥ឆ្នាំ ជាច្រើន ក្នុងកំឡុងឆ្នាំ២០១៦ រហូតដល់ពេលឃាត់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ។
ទន្ទឹមនិងនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមជៀសអោយឆ្ងាយពីការចូលទៅកាន់ វេបសាយ ឬកម្មវិធីបណ្តាញសង្គមនានា ដែលមានខ្លឹមសារពាក់ព័ន្ធរូបភាព វីដេអូ បែបអាសអាភាស បើទោះជាខ្លួនមិនមែនជាអ្នកបង្កើត ឬចែកចាយ ផ្សព្វផ្សាយមាតិកាខុសច្បាប់ទាំងអស់នោះក៏ដោយ ជាពិសេសការកាន់កាប់នូវរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការទប់ស្កាត់មិនឲ្យកើតមានក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕