• Cambodia Peace Channel

ហុក សុជីវ័ន ៖ វិន័យនិងគុណភាពលេងនៅលើទីលាន ទើប Ideguchi Masaaki ក្លាយជាកីឡាករល្អប្រចាំក្លិបវិសាខា

ភ្នំពេញ៖ថ្មីៗនេះក្លិបបាល់ទាត់វិសាខា បានរៀបចំកម្មវិធីជ្រើសរើសកីឡាករល្អប្រចាំក្លិប ដែលជាការលើកទឹកចិត្តដល់កីឡាករ និងដើម្បីពង្រឹងគុណភាព សមត្ថភាពរបស់កីឡាករ ដែលជាចំណែកមួយជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឱ្យមានការរីកចម្រើន។

ខ្សែបម្រើ Ideguchi Masaaki ត្រូវបានគ្រូបង្វឹកក្លិបបាល់ទាត់វិសាខា ត្រូវបានលោក ហុក សុជីវ័ន ជ្រើសរើសជាកីឡាករល្អជាងគេរបស់ក្លិបនេះ ប្រចាំខែមេសា។

គ្រូបង្វឹករូបនេះបានបញ្ជាក់ថា “និយាយទៅប្រចាំខែមេសាយើងមានចាញ់ការប្រកួត តែអ្វីដែលល្អជាងគេនោះគឺវិន័យ យើងមិនមើលតែលើទីលានទេ ក្រៅពីទីលានក៏យើងមើលដែរ ទាំងវិន័យទាំងអស់ហ្នឹង” ។

លោកបានបញ្ជាក់បន្តទៀតថា “នៅលើទីលាន គាត់បង្ហាញគ្រប់យ៉ាង និងបានទំនុកចិត្តពីគ្រូ។ ទី២ គាត់ជាខ្សែបម្រើការពារ តែអាចឈានទៅរកគ្រាប់បាល់បាន ៣គ្រាប់ អញ្ចឹងហើយជាចំនុចដែលធ្វើឲ្យគ្រូៗ និងគណៈគ្រប់គ្រងមើលឃើញថា ជាអំណោយផលដល់ក្លិប និងជាកីឡាករវ័យក្មេងរបស់យើងយកគំរូតាម ទាំងវិន័យ និងការលេង” ។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់ជាតិជាតិ ហៅកាត់ថា CNCC នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះ។

សូមជម្រាបថា ខ្សែបម្រើការពារ Ideguchi  Masaaki ធ្លាប់ប្រកបអាជីពនៅវៀតណាម និងថៃ ហើយមកចូលរួមជាមួយក្លិបបាល់ទាត់ វិសាខា នៅដើមរដូវកាលឆ្នាំ២០១៩ នេះ ជាមួយនឹងការបង្ហាញទម្រង់លេងយ៉ាងល្អនៅក្របខណ្ឌលីគកម្ពុជា៕

ដោយ៖ស្រ៊ីប ឡានី