• Cambodia Peace Channel

តាមពិត Idol របស់ Antoine Griezmann ជាវីរៈបុរសរបស់ជម្រើសជាតិអង់គ្លេសសោះ !

អេស្ប៉ាញ៖ក្រោយមានលេចលឺពាក្យចចាមអារ៉ាមថា Antoine Griezmann ផ្ទេរទៅក្លិបអ្នកមានបុណ្យ FC Barcelona ។ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ បានបង្ហើបពីវីរៈបុរសរបស់គេ ហើយគេតែងតែយកគំរូតាម ទាំងការស្លៀកពាក់ និងលេខអាវ។

ថ្មីៗនេះគេហទំព័រ Mirror ចុះផ្សាយថា Idol របស់Griezmann គឺវីរៈបុរសរបស់ជម្រើសជាតិអង់គ្លេស កីឡាករ David Beckham ដែលជាកីឡាករធ្លាប់លេងនៅក្លិបកំពូលៗនានានៅលើពិភពលោក។

Griezmann បានបញ្ជាក់ថា តាមរយៈរូបរាង និងរបៀបរបបរបស់គាត់ Beckham គឺជាតារាគំរូរបស់ខ្ញុំ ពោលគឺគាត់តែម្នាក់គត់ដែលខ្ញុំចង់លេងជាមួយ ដោយខ្ញុំតែងតែមើលឃើញថាគាត់អស្ចារ្យទាំងក្នុង និងក្រៅទីលាន។

ខ្សែប្រយុទ្ធបារាំងរូបនេះបន្តទៀតថា ខ្ញុំពិតជាចង់ជួបគាត់ ត្បិតអីខ្ញុំមិនអាចនិយាយភាសាអង់គ្លេសបានល្អ តែខ្ញុំគិតថាគាត់អាចនឹងស្តាប់ភាសាអេស្ប៉ាញបានខ្លះ ក្រោយគាត់ធ្លាប់នៅ Real Madrid ៤រដូវកាល ហើយខ្ញុំពាក់លេខ ៧ នៅ Atletico និងជម្រើសជាតិបារាំង ក៏ដោយសារ David Beckham មួយទៀតហេតុផលខ្ញុំពាក់អាវដៃវែងញឹកញាប់ក៏ចង់ធ្វើដូចគាត់ដែរ។

គួររម្លឹកថា ខ្សែប្រយុទ្ធ Antoine Griezmann គេសង្កេតឃើញថា កីឡាកររូបនេះតែងតែតុបតែងខ្លួន ពិសេសការស្លៀកពាក់អាវនៅលើទីលានស្រដៀងគ្នាទៅនឹង David Beckham ដែរ ពោលគឺអាវដៃវែង និងចង្វាក់លេងបាល់៕

ដោយ៖ស្រ៊ីប ឡានី