• Cambodia Peace Channel

អ្នកគាំទ្រក្លិប CMYA FC ចង់ឲ្យមានការប្រកួតមិត្តភាពជាមួយក្លិប PKNS FC !

ភ្នំពេញ៖ថ្មីៗនេះលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា បានជូបពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិបបាល់ទាត់លីគកំពូលម៉ាឡេស៊ី ក្លិបPKNS FC ដែលអតីតជាទ្រនំរបស់ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជាកីឡាករ ចាន់ វឌ្ឍនាកា។

ប្រភពពីCMYA បានថ្លែងប្រាប់ CPC NEWS ឲ្យដឹងថា ក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំក្លិបPKNS FC ជាមួយថ្នាក់ដឹកនាំកំពូលឥស្លាមនៃកម្ពុជា ជាការពិភាក្សាការងារទូទៅ ប៉ុន្តែក្នុងឱកាសនោះក៏បានឆ្លៀតនិយាយអំពីវិស័យកីឡាបាល់ទាត់រវាងក្លិបPKNS FC និងក្លិបបាល់ទាត់សម្ព័ន្ធយុវជនមូស្លិមកម្ពុជា ហៅកាត់ថាCMYA FC ផងដែរ។

ប្រភពបានទៀតថា ខាងក្លិបPKNS FC មានការចាប់អារម្មណ៍ចង់ឲ្យមានការប្រកួតមិត្តភាពអន្តរជាតិមួយរវាងក្លិបPKNS FC និងក្លិបបាល់ទាត់សម្ព័ន្ធយុវជនមូស្លិមកម្ពុជាCMYA FC ដើម្បីរឹតចំណងសាមគ្គីភាព និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក នៅលើទឹកដីកម្ពុជា ឬនៅម៉ាឡេស៊ី។

ប៉ុន្តែយ៉ាងណាក៏ដោយ ការកំណត់ថ្ងៃនៃការប្រកួតមិត្តភាពអន្តរជាតិរវាងក្លិបលីគកំពូលម៉ាឡេស៊ី ក្លិបPKNS FC និងក្លិបបាល់ទាត់សម្ព័ន្ធយុវជនមូស្លិមកម្ពុជា នៅមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេ តែនេះជារូបភាពល្អសម្រាប់ក្លិបCMYA FC និងអ្នកគាំទ្រ បើសិនអាចឈានដល់ការប្រកួតមិត្តភាពមែននោះ៕

ដោយ៖ស្រ៊ីប ឡានី