• Cambodia Peace Channel

លោក មាស ចាន់ណា ប្តេជ្ញាចិត្តយកឈ្នះ គិរីវង់សុខសែនជ័យ ខណៈជើងទី១ ភ្លាត់ចាញ់ ២គ្រាប់

ភ្នំពេញ៖មុនជំនួបជើងទី២ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយក្លិបបាល់ទាត់ ណាហ្គាវើលដ៍ នៅថ្ងៃទី១៨ ខែកក្កដា ស្អែកនេះ ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ បង្ហាញភាពមិនប្រាកដប្រជាពីជ័យជម្នះនោះទេ ខណៈដែលជើងទី១ គិរីវង់ ធ្វើបានយ៉ាងល្អដោយយកឈ្នះណាហ្គាវើលក្នុងលទ្ធផល ២ទល់នឹង០។

មុនការប្រកួតថ្ងៃស្អែកនេះ គ្រូបង្វឹកក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ លោក Ekapob Potisai បានបង្ហើបប្រាប់CNCC ថា “យើងបានរៀបចំតាក់ទិចដើម្បីជម្រុញប្រសិទ្ធភាពកីឡាកររបស់យើង។ ការប្រកួតជើងទី២នេះ ធ្វើនៅក្រៅទឹកដី ដូច្នេះយើងនឹងត្រូវព្យាយាមខ្លាំងជាងជើងទី១។ ខ្ញុំព្យាយាមបង្វឹកកីឡាកររបស់យើងរាល់ថ្ងៃ ដើម្បីឲ្យពួកគេថ្នឹកនឹងអ្វីដែលយើងត្រូវធ្វើតាមតាក់ទិចរបស់យើង។ ខ្ញុំគិតថា គ្រប់គ្នាអាចធ្វើបានហើយអាចរកជ័យជម្នះដើម្បីឡើងទៅជុំបន្ត“។

ដោយឡែកគ្រូបង្វឹកក្លិបបាល់ទាត់ ណាហ្គាវើល លោក មាស ចាន់ណា ឯនោះវិញ បានបង្ហាញការប្តេជ្ញាចិត្តថា កូនក្រុមរបស់លោកនឹងធ្វើបានល្អវិញ នៅជើងទី២នេះ ហើយលោកនឹងដាក់កីឡាករល្អៗបំផុតរបស់ក្រុម និងកីឡាករដែលមានបទពិសោធច្រើនចូលលេង ដើម្បីស្តាលទ្ធផលឡើងវិញ ក្រោយភ្លាត់ស្នៀតចាញ់ គិរីវង់សុខសែនជ័យរហូតដល់ ២គ្រាប់ក្នុងជើងទី១ កន្លងទៅ៕ ដោយ៖ស្រ៊ីប ឡានី